ព័ត៌មានអន្តរជាតិ

Update ៖ ប្រធានាធិបតីរុស្ស៊ី និងគុយបា ប្តេជ្ញាថា នឹងរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ទ្វេភាគីឲ្យកាន់តែរឹងមាំ

ម៉ូស្គូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងលេខាទីមួយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តគុយបា និងជាប្រធានាធិបតីគុយបា លោក Miguel Diaz-Canel Bermudez បានសម្តែងការត្រៀមខ្លួនរួមគ្នា កាលពីថ្ងៃអង្គារ ដើម្បីពង្រឹងទំនាក់ទំនង រវាងប្រទេសទាំង២ ។

“សហភាពសូវៀត និងរុស្ស៊ី តែងតែគាំទ្រប្រជាជនគុយបា ក្នុងការតស៊ូដើម្បីឯករាជ្យភាព និងអធិបតេយ្យភាព ។ យើងតែងតែប្រឆាំង នឹងការរឹតបន្តឹង ការហ៊ុមព័ទ្ធ ការបិទផ្លូវជាដើម ។ យើងតែងតែគាំទ្រ គុយបាលើវេទិកាអន្តរជាតិ” ។ លោក ពូទីន បានថ្លែងប្រាប់ដល់លោក Diaz-Canel ថ្លែងដូច្នេះនៅពេលជួបប្រជុំគ្នា នៅវិមានក្រឹមឡាំង ។

លោកបានប្រាប់ដល់លោក Diaz-Canel ដែលកំពុងបំពេញ ទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ីថា “ផ្អែកលើមូលដ្ឋានរឹងមាំនៃមិត្តភាព យើងត្រូវតែឆ្ពោះទៅមុខ និងពង្រឹងកិច្ចសហប្រតិបត្តិការ របស់យើងក្នុង លក្ខខណ្ឌបច្ចុប្បន្ន” ។

លោក Diaz-Canel បានលើកឡើងថា គុយបាកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង និងតួនាទីរបស់រុស្ស៊ី ក្នុងការតម្រង់ទិសពិភពលោកឆ្ពោះ ទៅរកពហុប៉ូល ហើយចង់បន្តលើកកម្ពស់ ទំនាក់ទំនងជាមួយរុស្ស៊ី ។

សូមបញ្ជាក់ថា នៅមុនពេលកិច្ច ពិភាក្សារបស់ពួកគេ លោកពូទីន និងលោក Diaz-Canel បានចូលរួមនៅក្នុងពិធីដាក់តាំង បង្ហាញវិមានដល់អតីត មេដឹកនាំគុយបា Fidel Castro នៅទីក្រុងម៉ូស្គូ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top