អង់គ្លេស ៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូ វាបានប្រាប់ឲ្យដឹងថា គម្រោងមហិច្ឆតាមួយ ដើម្បីទាញយកថាមពលព្រះអាទិត្យ ពីលំហអាកាសដើម្បីផ្គត់ផ្គង់ថាមពលនៅលើផែនដី កំពុងត្រូវបានស្នើឡើង ដោយអ្នកវិទ្យាសាស្ត្រ ។
ទីភ្នាក់ងារអវកាសអ៊ឺរ៉ុប (ESA) រួមមានចក្រភពអង់គ្លេស កំពុងពិភាក្សាអំពីផែនការបង្កើត កសិដ្ឋានថាមពលព្រះអាទិត្យ នៅក្នុងគន្លងនៅសន្និសីទ រយៈពេល២ថ្ងៃនៅទីក្រុងប៉ារីស ។ គម្រោង SOLARIS មានគោលបំណងប្រមូល ពន្លឺព្រះអាទិត្យលើផ្ទៃធំ ទូលាយក្នុងលំហ បំប្លែងវាទៅជាថាមពលមីក្រូវ៉េវ (ស្រដៀងទៅនឹង រលកវិទ្យុប្រេកង់ខ្ពស់ ដែលរកឃើញក្នុងមីក្រូវ៉េវ) បន្ទាប់មកបញ្ជូនវាចុះមកផែនដី ។
អង់តែនមួយចំនួនធំ នៅលើផែនដីនឹងចាប់យកធ្នឹម ហើយថាមពលនឹងត្រូវបានបំប្លែង ទៅជាអគ្គិសនី ។ គុណសម្បត្តិ នៃថាមពលព្រះអាទិត្យផ្អែកលើលំហ Space Based Solar Power (SBSP) គឺធំធេងណាស់ ពីព្រោះមីក្រូវ៉េវ អាចជ្រាបចូល ទៅក្នុងពពកក្នុងបរិយាកាស របស់ផែនដី ហើយពន្លឺព្រះអាទិត្យ ក្នុងលំហក៏អាចប្រើ បានឥតឈប់ឈរមិនត្រឹមតែ នៅពេលថ្ងៃប៉ុណ្ណោះទេ ហើយពន្លឺកាន់តែខ្លាំង ។
ប៉ុន្តែចក្រភពអង់គ្លេស ក៏មានសំណើដោយឡែករបស់ខ្លួនដែរ ។ ការផ្តល់មូលនិធិដែលមានតម្លៃរាប់សិបលាន ត្រូវបានធ្វើឡើង ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា SBSP ក្នុងគោលបំណងរួម ចំណែកដល់មហិច្ឆតា សូន្យសុទ្ធរបស់ចក្រភពអង់គ្លេស ។ យោងតាមការស្រាវជ្រាវ ត្រូវបានចាត់តាំង ដោយរដ្ឋាភិបាល ពីអ្នកប្រឹក្សា Frazer-Nash ថា ប្រព័ន្ធប្រតិបត្តិការអាចត្រូវ បានបង្កើត ឡើងនៅឆ្នាំ ២០៤០ ហើយវាអាចផ្តល់នូវ ភាគរយច្រើននៃតម្រូវការ ថាមពលរបស់ចក្រភពអង់គ្លេស នៅដើមទសវត្សរ៍ឆ្នាំ២០៤០ ៕