អាមេរិក៖ CNN បានរាយការណ៍នៅថ្ងៃទី ២៤ ខែវិច្ឆិកាបានឲ្យដឹងថា លោក Elon Musk ម្ចាស់ថ្មីនៃបណ្តាញផ្សព្វផ្សាយ សង្គមយក្សអាមេរិក Twitter បាននិយាយថា លោកនឹងចាប់ផ្តើមស្ដារគណនី ដែលត្រូវបានហាមឃាត់ពីមុនមកលើ Twitter ចាប់ពីសប្តាហ៍ក្រោយនេះទៅ។
ការបង្ហោះកាលពីថ្ងៃព្រហស្បតិ៍ លោក Musk បាននិយាយថា ប្រជាជនបាននិយាយហើយ ការលើកលែងទោសនឹង ចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ កាលពីមុនលោក Musk បានស្ទង់មតិអ្នកដើរតាម របស់លោកអំពីថា តើត្រូវផ្តល់ការលើកលែងទោស ជាទូទៅចំពោះគណនីត្រូវបានព្យួរ ប្រសិនបើពួកគេមិនបានបំពានច្បាប់ ឬចូលរួមក្នុងសារឥតបានការដ៏ធ្ងន់ធ្ងរ។
ការស្ទង់មតិបានបិទ កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា ៧២.៤ ភាគរយបានបោះឆ្នោត “បាទ” និង ២៧.៦ភាគរយបានបោះឆ្នោត “ទេ” ។ ការស្ទង់មតិប្រមូលបាន ៣,១៦២,១១២ សំឡេងឆ្នោត។
CNN បាននិយាយថា វាមិនច្បាស់ទេថា លោក Musk និងក្រុមការងាររបស់លោកនៅ Twitter នឹងដោះស្រាយថាតើគណនីមួយណា ត្រូវបានហាមឃាត់ដោយសារខ្លឹមសារខុសច្បាប់ ឬសារឥតបានការធៀប នឹងការបំពានផ្សេងទៀត ឬចំនួនគណនីសរុបនឹងត្រូវបានស្ដារឡើងវិញ។
បើយោងតាមរបាយការណ៍ថា លោក Musk ធ្លាប់បាននិយាយថា លោកមិនយល់ស្របនឹង គោលនយោបាយរបស់ Twitter នៃការហាមឃាត់ជាអចិន្ត្រៃយ៍ ៕
ដោយ៖ លី ភីលីព