គៀវ៖ អ៊ុយក្រែនបានក្លាយជាកន្លែងងងឹតមួយនៅលើពិភពលោកនៅពេលយប់ រូបភាពដែលចេញផ្សាយដោយទីភ្នាក់ងារអវកាសអាមេរិក Nasa ខណៈដែលការបាញ់មីស៊ីលរុស្ស៊ីម្តងហើយម្តងទៀតធ្វើឲ្យបណ្តាញថាមពលរបស់ប្រទេសនេះខូចខាតស្ទើទាំងស្រុង។
រូបភាពដែលថតចេញពីលំហ បង្ហាញអ៊ុយក្រែនក្នុងភាពងងឹតទាំងស្រុង ហ៊ុំព័ទ្ធដោយចំណុចភ្លឺដែលមកពីប្រទេសផ្សេងៗទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។
ចាប់តាំងពីខែតុលា រុស្ស៊ី បានចាប់ផ្តើមការវាយប្រហារជាប្រចាំ ដោយមានគោលបំណងបំផ្លាញបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន។ កាលពីម្សិលមិញនេះ មានការចុះផ្សាយផងដែរថា ប្រព័ន្ធថាមពលអ៊ុយក្រែនជិតដួលរលំហើយ ក្រោយការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់របស់រុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រាប់កាសែត Financial Times ថា ការវាយប្រហារក្នុងសប្តាហ៍នេះ បានបង្កើតស្ថានភាពមួយ ដែលមិនបានឃើញអស់រយៈពេល ៨០ ឬ ៩០ឆ្នាំមកហើយ ដែលប្រទេសមួយនៅទ្វីបអឺរ៉ុប ដែលមិនមានពន្លឺទាំងស្រុងដូចនេះ”។
លោកបានឲ្យដឹងក្នុងសុន្ទរកថាពេលយប់របស់លោកកាលពីថ្ងៃព្រហស្បតិ៍ថា “ស្ថានភាពអគ្គិសនីនៅតែមានការលំបាកនៅស្ទើរតែគ្រប់តំបន់ នៅក្នុងប្រទេសអ៊ុយក្រែន”៕
ប្រែសម្រួល ឈូក បូរ៉ា