ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បង្កើនវត្តមានយោធា នៅជិតព្រំដែនអ៊ីរ៉ាក់ ដើម្បីប្រឆាំងនឹងការគំរាមកំហែង ពីក្រុមបំបែកខ្លួន

តេអេរ៉ង់៖ មេបញ្ជាការ IRGC បានឲ្យដឹងថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបង្កើនវត្តមានយោធានៅជិតព្រំដែនភាគខាងលិច និងភាគពាយ័ព្យនៃប្រទេស ដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែងពីក្រុមបំបែកខ្លួន។

អង្គភាព IRGC និងកងកម្លាំងពិសេសត្រូវបានដាក់ពង្រាយ “ដើម្បីការពារការជ្រៀតចូលនៃភេរវករដែលមានទំនាក់ទំនងជាមួយក្រុមបំបែកខ្លួន ដែលមានមូលដ្ឋាននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងការរត់ពន្ធអាវុធចូលទៅក្នុងប្រទេស” នេះបើតាមការលើកឡើងរបស់លោក Mohammad Pakpour មេបញ្ជាការនៃកងកម្លាំងជើងគោក IRGC។

លោក Pakpour បន្ថែមថា កងកម្លាំងនឹងប្រឈមមុខនឹងអសន្តិសុខយ៉ាងដាច់អហង្ការ ដែលបង្កឡើងដោយ “អ្នកប្រព្រឹត្តអំពើអាក្រក់ និងក្រុមភេរវករបំបែកខ្លួនប្រឆាំងអ៊ីរ៉ង់ នៅភាគពាយ័ព្យនៃប្រទេស”។

ថ្មីៗនេះ IRGC បានប្រើប្រាស់កាំភ្លើងធំ និងយន្តហោះគ្មានមនុស្សបើក ដើម្បីវាយប្រហារលើអ្វីដែលខ្លួនហៅថា ទីតាំងរបស់ពួកផ្តាច់ខ្លួនអ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅតំបន់ឃឺដ ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top