ញូវយ៉ក ៖ តម្លៃប្រេង បានបិទ នៅតម្លៃចំរុះគ្នា កាលពីថ្ងៃអង្គារម្សិលមិញ នេះ ខណៈដែលអ្នកចូលរួមទីផ្សារ កំពុងរង់ចាំកិច្ចប្រជុំ ដ៏សំខាន់មួយដោយ អ្នកផលិតធំៗ នៃក្រុមប្រទេស ផលិតប្រេង OPEC+ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
West Texas Intermediate សម្រាប់ការចែកចាយខែមករា បានបន្ថែម ៩៦ សេនឬ ១,២៤ភាគរយដើម្បីទូទាត់នៅ ៧៨,២ ដុល្លារអាមេរិកក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន New York Mercantile Exchange ។
ប្រេងឆៅប្រភេទ Brent សម្រាប់ការចែកចាយខែមករា បានធ្លាក់ចុះ ១៦សេន ឬ ០,១៩ ភាគរយ មកនៅត្រឹម ៨៣,០៣ដុល្លារ ក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange ។
អង្គការនៃប្រទេស នាំចេញប្រេង និងសម្ព័ន្ធមិត្ត ដែលហៅថា OPEC+ នឹងជួបប្រជុំគ្នានៅថ្ងៃទី០៤ ខែធ្នូ ។ ក្នុងខែតុលា សម្ព័ន្ធប្រេងបានយល់ ព្រមកាត់បន្ថយគោលដៅទិន្នផលរបស់ខ្លួនចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែវិច្ឆិកា ដើម្បីឡើងថ្លៃ ។
ពាណិជ្ជករក៏កំពុងទន្ទឹងរង់ ចាំទិន្នន័យ ស្តីពីស្តុកប្រេងឥន្ធនៈ របស់សហរដ្ឋអាមេរិកផងដែរ ខណៈដែលរដ្ឋបាលព័ត៌មាន ថាមពលនឹងចេញផ្សាយរបាយ ការណ៍ស្ថានភាពប្រេងឥន្ធនៈ ប្រចាំសប្តាហ៍ របស់ខ្លួននៅថ្ងៃពុធ ។
តម្លៃប្រេងបានស្ថិតនៅក្រោម សម្ពាធនាពេលថ្មីៗនេះ ចំពេលមានការព្រួយបារម្ភជុំវិញ ការធ្លាក់ចុះតម្រូវការ ខណៈសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។
អ្នកវិភាគនៅ UBS បានឲ្យដឹងថា “សម្ពាធធ្លាក់ចុះលើប្រេងពីសេដ្ឋកិច្ចពិភពលោក ដែលខ្សោយគួរត្រូវបានទូទាត់ ដោយការផ្គត់ផ្គង់ពិភពលោកទាប”៕
ប្រែសម្រួល ឈូក បូរ៉ា