ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ចុះកិច្ចព្រមព្រៀង តម្លៃ៤ពាន់លានដុល្លារ លើវិស័យ បច្ចេកវិទ្យានិងវិស្វកម្ម

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ាក់ និងប្រទេសអ៊ីរ៉ង់ បានឈានទៅដល់ការ ចុះកិច្ចព្រមព្រៀង លើកុងត្រា ដែលមានតម្លៃ ប្រមាណជា ៤ពាន់លានដុល្លារ ក្នុងការសហការគ្នា លើវិស័យប្រតិបត្តិការ បច្ចេកវិទ្យានិងវិស្វកម្ម និងការផ្គត់ផ្គង់សេវាកម្មទាំងនេះ ទៅឲ្យបណ្តាប្រទេសក្នុងតំបន់អារ៉ាប់ ។

កុងត្រាដែលត្រូវ បានគេមើលឃើញថា នឹងអាចជួយដល់កង្វះខាត នៃការនាំចេញមួយចំនួន របស់អ៊ីរ៉ង់ទៅកាន់ប្រទេសអ៊ីរ៉ាក់ ជាពិសេសនៅលើ វិស័យផលិតកម្ម បច្ចេកវិទ្យានិងសេវាកម្មវិស្វកម្ម និងក៏ ដូចជាវិស័យថ្នាំពេទ្យផងដែរ ។

គួរឲ្យដឹងដែរថា ការនាំចេញរបស់ប្រទេសអ៊ីរ៉ង់ ទៅកាន់ប្រទេសអ៊ីរ៉ាក់ នៅអំឡុងពេល៨ខែដំបូងឆ្នាំនេះ មានទំហំប្រមាណជា១,៤ពាន់លានដុល្លារ ស្ថិតនៅក្នុងអត្រា ធ្លាក់ចុះធៀប ទៅនឹងពេលវេលាដូចគ្នា កាលពី ឆ្នាំទៅប៉ុន្តែជឿជាក់ថា នឹងមានទំហំនៃការនាំចេញកើនឡើងវិញ នៅក្នុងរយៈពេល៤ខែចុងឆ្នាំនេះ ។

មកដល់ពេលនេះ អគ្គិសនី នៅទូទាំងប្រទេសអ៊ីរ៉ាក់ ប្រមាណជា៤៥ភាគរយ គឺត្រូវបានផលិតចេញ និងនាំចូលពីប្រទេសអ៊ីរ៉ង់ ហើយប្រភពផលិតពីហ្គាស ដែលជាផលិតផល របស់ប្រទេសអ៊ីរ៉ង់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top