ព័ត៌មានអន្តរជាតិ

រុស្ស៊ី កំពុងបង្កើនកងកម្លាំងនុយក្លេអ៊ែរ ជាយុទ្ធសាស្រ្ត សម្រាប់ឆ្នាំ២០២៣

ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានឲ្យដឹងថា ប្រទេសរុស្ស៊ីនឹង “យកចិត្តទុកដាក់ជាពិសេស” ចំពោះការសាងសង់កន្លែងសំខាន់ៗ នៅឆ្នាំ២០២៣ សម្រាប់កងកម្លាំងនុយក្លេអ៊ែរ ជាយុទ្ធសាស្ត្ររបស់ប្រទេសនេះ។

លោក Shoigu បានឲ្យដឹងនៅក្នុងកិច្ចប្រជុំមួយ ជាមួយមន្ត្រីការពារជាតិជាន់ខ្ពស់របស់ប្រទេសនេះថា បច្ចុប្បន្ននេះការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កំពុងដំណើរការនៅក្នុងទម្រង់ចំនួនប្រាំនៃកងកម្លាំងមីស៊ីល យុទ្ធសាស្ត្ររបស់រុស្ស៊ី ដើម្បីដាក់ពង្រាយប្រព័ន្ធមីស៊ីលថ្មី។

លោកបានបន្ថែមថា ការងារនៅតែបន្តលើការបង្កើតកន្លែងសាកល្បងពហុសេវាកម្ម សម្រាប់កងកម្លាំងអវកាស នៅក្នុងតំបន់Krasnoyarsk នៅភាគខាងកើតស៊ីបេរី។

ប្រមុខការពារជាតិរូបនេះ បានបន្ថែមថា “វាចាំបាច់ដើម្បីធានាឱ្យមានដំណើរការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធក្នុងពេលដំណាលគ្នាជាមួយនឹងការផ្គត់ផ្គង់អាវុធទំនើបៗ និងឧបករណ៍យោធាដល់កងទ័ព”៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top