បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសរុស្សីបានបាញ់សាកល្បងដោយជោគជ័យនូវប្រព័ន្ធការពារមីស៊ីលថ្មីមួយនៅឯកន្លែងបាញ់ Sary Shagan របស់ខ្លួននៅក្នុងប្រទេសកាហ្សាក់ស្ថាន ដែលជាប្រទេសជិតខាង។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកក្រសួងការពារជាតិរុស្ស៊ី និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយមិនបញ្ចេញឈ្មោះប្រព័ន្ធដែលត្រូវបានសាកល្បងថា “ប្រព័ន្ធការពារប្រឆាំងមីស៊ីលគឺស្ថិតនៅក្នុងសេវាកម្មជាមួយកងកម្លាំងអាកាស និងត្រូវបានរចនាឡើងដើម្បីការពារប្រឆាំងនឹងការវាយប្រហារតាមអាកាស និងអវកាស”។
ឧត្តមសេនីយទោ Sergei Grabchuk ប្រធានអង្គភាពការពារប្រឆាំងមីស៊ីលរបស់កងកម្លាំងអាកាស បាននិយាយថា “ប្រព័ន្ធការពារមីស៊ីលថ្មីនេះ បន្ទាប់ពីការសាកល្បងជាបន្តបន្ទាប់ បានបញ្ជាក់ពីលក្ខណៈដើមរបស់វា ហើយក្រុមអ្នកប្រយុទ្ធបានបំពេញការងារដោយជោគជ័យ ដោយវាយលុកគោលដៅតាមលក្ខខណ្ឌជាមួយនឹងភាពត្រឹមត្រូវជាក់លាក់” ។
ការសាកល្បងនេះ គឺជាចុងក្រោយបង្អស់នៃការបាញ់សាកល្បងជាបន្តបន្ទាប់ ខណៈដែលរុស្ស៊ីស្វែងរកការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធការពារមីស៊ីលជុំវិញទីក្រុងមូស្គូរបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា