បរទេស៖ បើតាមសារព័ត៌មាន RIA Novosti បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីនឹងមិនមានបញ្ហាក្នុងការរកឱ្យឃើញ និងបំផ្លាញមីស៊ីលដែលបាញ់ចេញពីប្រព័ន្ធរ៉ុក្កែត High Mobility Artillery Rocket System (HIMARS) ដែលផលិតដោយសហរដ្ឋអាមេរិក នោះទេ ដោយសារកម្មវិធីថ្មី, នេះបើយោងតាមការលើកឡើងរបស់មេបញ្ជាការយោធារុស្ស៊ីដែលមិនបញ្ចេញឈ្មោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមមន្ត្រីដែលកំពុងបម្រើការនៅតំបន់ Zaporozhye របស់រុស្ស៊ី កងកម្លាំងអ៊ុយក្រែនពីដំបូងបានប្រើប្រាស់អាវុធសម័យសូវៀត ប៉ុន្តែឥឡូវនេះបានប្តូរទៅអាវុធដែលផ្តល់ដោយប្រទេសណាតូ រួមទាំងមីស៊ីល HIMARS របស់អាមេរិកផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា កងទ័ពរុស្ស៊ីឥឡូវនេះអាចទប់ទល់ការវាយប្រហារបែបនេះបានយ៉ាងងាយស្រួល ដោយសារ “ការអាប់ដេតកម្មវិធីថ្មី”។
មន្រ្តីរុស្ស៊ីបានអះអាងថា ឥឡូវនេះ យើងគ្មានបញ្ហាក្នុងការរាវរក តាមដាន និងបំផ្លាញមីស៊ីលទាំងនោះទេ” គឺអង្គភាពរបស់លោកបានទម្លាក់មីស៊ីល HIMARS ប្រហែល ១០ គ្រាប់ ដែលក្នុងនោះ ៤ គ្រាប់នៅក្នុងខែមុន។
សូមជម្រាបថា បន្ទាប់ពីចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន សហរដ្ឋអាមេរិកបាននឹងកំពុងផ្តល់អាវុធដល់អ៊ុយក្រែននូវចំនួនដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់តម្លៃប្រហែល ១៩ ពាន់លានដុល្លារ។ យោងតាមក្រសួងការពារជាតិអាមេរិក គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាគាំទ្រទីក្រុងគៀវជាមួយនឹងមីស៊ីល HIMARS ចំនួន ៣៨គ្រាប់ និងគ្រាប់រំសេវដែលពាក់ព័ន្ធ ផ្សេងទៀត៕
ប្រែសម្រួលៈ ណៃ តុលា