ស្ដុកហូម៖ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់របស់ខ្លួនកាលពីថ្ងៃចន្ទ រដ្ឋាភិបាលហ្វាំងឡង់បានដាក់ជូនសភានូវសេចក្តីព្រាងសំណើស្តីពីការចូលជាសមាជិករបស់ប្រទេសនេះទៅកាន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានសភាបានឲ្យដឹងថា លោកមានបំណងស្នើឱ្យសមាជិកសភា មិនអនុម័តលើសំណើនេះ ក្នុងករណីដែលគ្មានការផ្តល់សច្ចាប័ន ពីរដ្ឋសមាជិកណាតូទាំងអស់នោះ។ មកទល់នឹងពេលនេះ ប្រទេសចំនួន ២៨ ក្នុងចំណោមរដ្ឋចំនួន ៣០ របស់សម្ព័ន្ធភាពបានផ្តល់សច្ចាប័នលើការចូលជាសមាជិករបស់ហ្វាំងឡង់។
រដ្ឋមន្ត្រីការបរទេសលោក Pekka Haavisto បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា វាមានសារៈសំខាន់ សម្រាប់សភាក្នុងការមានពេលវេលាគ្រប់គ្រាន់ដើម្បីដំណើរការសំណើនេះ។
លោក Haavisto បានលើកឡើងថា “ហ្វាំងឡង់ និងស៊ុយអែត នឹងត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមសម្ព័ន្ធភាពនៅពេលដែលការផ្តល់សច្ចាប័នទាំងអស់ត្រូវបានធ្វើរួច” ។ ការផ្តល់សច្ចាប័នដោយ តួកគី និងហុងគ្រី នៅតែរង់ចាំ។
លោក Haavisto បានបន្ដថា សភានឹងធ្វើការសម្រេចចិត្ត ដើម្បីអនុម័តសន្ធិសញ្ញាអាត្លង់ទិក ខាងជើងដោយការបោះឆ្នោតភាគច្រើនសាមញ្ញ។ បន្ទាប់មកច្បាប់នឹងត្រូវចុះហត្ថលេខា ដោយប្រធានាធិបតី Sauli Niinisto ។
ប្រធានសភាលោក Matti Vanhanen បានប្រាប់ទីភ្នាក់ងារសារព័ត៌មានហ្វាំងឡង់ STT កាលពីថ្ងៃចន្ទថា គណៈកម្មាធិការកិច្ចការបរទេសរបស់សភានឹងរង់ចាំការផ្តល់ សច្ចាប័នពីរដ្ឋសមាជិកនៃសម្ព័ន្ធមិត្តទាំងអស់៕
ប្រែសម្រួល ឈូក បូរ៉ា