ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បើកការវាយប្រហារដោយយន្ដហោះដ្រូន លើអាកាសយាន្ដដ្ឋានយោធារបស់រុស្ស៊ី ២កន្លែង

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា អ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះដ្រូន ប្រឆាំងនឹងអាកាសយានដ្ឋានយោធាចំនួនពីរដែលស្ថិតជ្រៅនៅខាងក្នុងប្រទេសរុស្ស៊ីកាលពីព្រឹកថ្ងៃចន្ទ ដោយបានបណ្តាលឲ្យទាហានរុស្ស៊ី ៣នាក់ស្លាប់ និង ៤នាក់ផ្សេងទៀតរងរបួស។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះដ្រូន ដែលផលិតដោយអតីតសហភាពសូវៀតបានកំណត់គោលដៅអាកាសយានដ្ឋាន “Dyagilevo” ក្នុងតំបន់ Ryazan ក្បែរទីក្រុងមូស្គូ និងអាកាសយានដ្ឋាន “Engels” ក្នុងតំបន់ Saratov ក្នុងគោលបំណងបិទយន្តហោះរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី មិនឲ្យដំណើរការបាន។

ក្រសួងការពារអាកាសរុស្ស៊ីបានស្ទាក់ចាប់យន្តហោះដ្រូនរបស់អ៊ុយក្រែន ដែលហោះហើរក្នុងរយៈកម្ពស់ទាប ប៉ុន្តែការធ្លាក់ និងការផ្ទុះបំណែកនៃយន្តហោះដ្រូនបានធ្វើឱ្យខូចសំបកនៃតួយន្តហោះពីរគ្រឿង នៅអាកាសយានដ្ឋាន។

ទាហានរុស្ស៊ី ៣នាក់នៃបុគ្គលិកបច្ចេកទេសត្រូវបានសម្លាប់ និងទាហាន ៤នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហាររយៈចម្ងាយដ៏កម្រនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានឲ្យដឹងទៀតថា រុស្សីក្នុងការសងសឹកបានធ្វើការវាយប្រហារទ្រង់ទ្រាយធំជាមួយនឹងអាវុធ ដែលមានមូលដ្ឋានលើអាកាស និងសមុទ្រដែលមានភាពជាក់លាក់ខ្ពស់ដោយវាយលុកគោលដៅចំនួន ១៧ និងរំខានដល់ការផ្ទេរទុនបំរុងរបស់អ៊ុយក្រែន អាវុធដែលផ្គត់ផ្គង់ដោយបរទេស ឧបករណ៍យោធា និងគ្រាប់រំសេវទៅកាន់តំបន់ប្រយុទ្ធតាមផ្លូវដែក៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top