ព័ត៌មានអន្តរជាតិ

យោធាកូរ៉េខាងជើង បាញ់កាំភ្លើងធំជាង ១៣០គ្រាប់ចូលដែនសមុទ្រ ជាការឆ្លើយតបទៅនឹងការបាញ់រ៉ុក្កែតពីកូរ៉េខាងត្បូង

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារនេះថា យោធារបស់ប្រទេសកូរ៉េខាងជើងបានបញ្ជាឱ្យមានការបាញ់កាំភ្លើងធំចូលសមុទ្រជាការឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែតដោយប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីការបាញ់ផ្លោងដោយកូរ៉េខាងជើងកាលពីថ្ងៃមុនចំពេលមានភាពតានតឹងនៅតាមព្រំដែនកើនឡើង។

អ្នកនាំពាក្យអគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េបានឲ្យដឹងថា ខ្លួនបានចេញបញ្ជាឱ្យចាប់ផ្តើមការបាញ់គ្រាប់ពិតជាការព្រមាន ដោយរក្សាកូរ៉េខាងត្បូង “ត្រូវតែបញ្ឈប់ជាបន្ទាន់នូវសកម្មភាពយោធាបង្កហេតុ” នៅក្នុងតំបន់ជិតព្រំដែន។

អ្នកនាំពាក្យបានឲ្យដឹងថា យោធាកូរ៉េខាងត្បូងបានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ និងកាំភ្លើងធំនៅម៉ោងប្រហែល ៩ និង ១៥ ថ្ងៃអង្គារ នេះបើយោងតាមរបាយការណ៍។

កាលពីថ្ងៃច័ន្ទ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនបានរកឃើញកាំភ្លើងធំប្រហែល ១៣០គ្រាប់ដែលបានបាញ់ចេញពីឆ្នេរសមុទ្រភាគខាងកើត និងខាងលិចរបស់ប្រទេសកូរ៉េខាងជើង ដោយបំពានលើកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ២០១៨ ដែលត្រូវបានរចនាឡើង ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top