ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង អះអាងថា ខ្លួនបញ្ជាឲ្យអង្គភាពជួរមុខបាញ់កាំភ្លើងធំចូលក្នុងសមុទ្រ

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ថា យោធារបស់ប្រទេសកូរ៉េខាងជើង បានអះអាងថា ខ្លួនបានបញ្ជាឱ្យអង្គភាពជួរមុខធ្វើការបាញ់កាំភ្លើងធំចូលទៅក្នុងសមុទ្រ ក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នា ដែលជាការឆ្លើយតប ចំពោះសមយុទ្ធបាញ់គ្រាប់ពិតរបស់កូរ៉េខាងត្បូង នៅក្នុងតំបន់ព្រំដែនទឹកសមុទ្រ ។

សេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េខាងជើង បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល១៣០គ្រាប់ចូលទៅក្នុងដែនទឹកក្បែរព្រំដែនសមុទ្រភាគខាងលិច និងខាងកើតរបស់ខ្លួនជាមួយនឹងប្រទេសកូរ៉េខាងត្បូង នៅក្នុងសកម្មភាពយោធាចុងក្រោយដែលបង្កើនភាពតានតឹងរវាងគូប្រជែង។ អ្នកនាំពាក្យយោធាកូរ៉េខាងជើងមិនស្គាល់អត្តសញ្ញាណម្នាក់បានបញ្ជាក់ដូច្នេះថា ការបាញ់កាំភ្លើងធំដែលបានគ្រោងទុកនៅថ្ងៃអង្គារនេះ គឺមានន័យថា ជាការព្រមានដល់កូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាងជើង បានរកឃើញសញ្ញានៃសមយុទ្ធកាំភ្លើងធំរបស់កូរ៉េខាងត្បូង នៅក្នុងតំបន់ព្រំដែន ។

កងទ័ពកូរ៉េខាងត្បូង កំពុងធ្វើសមយុទ្ធបាញ់គ្រាប់ពិតដែលពាក់ព័ន្ធនឹងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតជាច្រើន និងម៉ាស៊ីនបាញ់ទឹកនៅក្នុងកន្លែងសាកល្បង២ដាច់ដោយឡែកពីគ្នានៅក្នុងតំបន់ Cheorwon ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ និងបន្តរហូតដល់ថ្ងៃពុធ ។

យោធារបស់ប្រទេសកូរ៉េខាងជើង បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនបានណែនាំអង្គភាពឆ្នេរភាគខាងលិច និងខាងកើតរបស់ខ្លួនឱ្យបាញ់កាំភ្លើងធំទុកជាការព្រមាន បន្ទាប់ពីខ្លួនបានរកឃើញគ្រាប់មីស៊ីលកូរ៉េខាងត្បូង រាប់សិបគ្រាប់ដែលហោះហើរពីភាគអាគ្នេយ៍នៃតំបន់ Cheorwon ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា គ្រាប់ផ្លោងរបស់កូរ៉េខាងជើង ដែលបានបាញ់បានធ្លាក់នៅផ្នែកខាងជើងនៃតំបន់ការពារដែលត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ២០១៨ ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា និងបានជំរុញឱ្យកូរ៉េខាងជើង គោរពតាមកិច្ចព្រមព្រៀងនេះ ។

គួរបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលកូរ៉េខាងជើង បានបាញ់អាវុធចូលទៅក្នុងតំបន់ការពារដែនសមុទ្រ ចាប់តាំងពីថ្ងៃទី៣ ខែវិច្ឆិកា នៅគ្រាដែលគ្រាប់កាំភ្លើងធំប្រហែល៨០គ្រាប់បានធ្លាក់ចូលក្នុងតំបន់របស់កូរ៉េខាងជើងនៃតំបន់ក្បែរឆ្នេរភាគខាងកើតរបស់ខ្លួន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top