គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានព្រមានអ៊ីរ៉ង់អំពី “ផលវិបាក” នៃការផ្គត់ផ្គង់អាវុធដល់ប្រទេសរុស្ស៊ី។
លោក Kuleba បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតថា “សញ្ញារបស់យើងចំពោះពួកគេ (ភាគីអ៊ីរ៉ង់) គឺច្បាស់ណាស់៖ ទីមួយ អ្នកឈប់ ឬអ្នកនឹងប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរបំផុត។ ទីពីរ មិនថាអ្នកទទួលបានផលប្រយោជន៍អ្វីពីកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីក្នុងការផ្គត់ផ្គង់យន្តហោះដ្រូន ឬផ្សេងទៀត សព្វាវុធផលវិបាកអវិជ្ជមានសម្រាប់អ្នកនឹងមានលើសពីអត្ថប្រយោជន៍ណាមួយ”។
លោករដ្ឋមន្ត្រីបានឲ្យថា អ៊ុយក្រែន កំពុងតាមដានយ៉ាងដិតដល់នូវ “គ្រប់ជំហាន” របស់អ៊ីរ៉ង់ នៅក្នុងបញ្ហានៃកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធាជាមួយរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កាលពីខែតុលា ក្រសួងការបរទេសអ៊ុយក្រែនបានចោទអ៊ីរ៉ង់ថា បានបញ្ជូនយន្តហោះចម្បាំងទៅរុស្ស៊ី ដើម្បីប្រើក្នុងជម្លោះរុស្ស៊ីនិងអ៊ុយក្រែន។
កាលពីខែមុន រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានលើកឡើងថា អ៊ីរ៉ង់បានផ្តល់ “ចំនួនមានកំណត់” នៃយន្តហោះដ្រូនដល់ប្រទេសរុស្ស៊ីជាច្រើនខែមុនពេលចាប់ផ្តើមជម្លោះរុស្ស៊ី-អ៊ុយក្រែន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA ៕ប្រែសម្រួល ឈូក បូរ៉ា