ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បញ្ចប់ការសាកល្បង ប្រព័ន្ធការពារ រថពាសដែក Iron Fist

យេរ៉ូសាឡឹម ៖ ក្រសួងការពារជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសអ៊ីស្រាអែល បានបញ្ចប់ការសាកល្បងប្រព័ន្ធ “Iron Fist” របស់ខ្លួន ដែលអាចការពាររថពាសដែក ពីកាំជ្រួចប្រឆាំងរថក្រោះ និងការគំរាមកំហែង ក្នុងសមរភូមិដទៃទៀត ។

ប្រព័ន្ធការពារសកម្មអាចផ្តល់នូវ “ការគ្របដណ្តប់ ៣៦០ដឺក្រេប្រឆាំងនឹងការគំរាមកំហែងច្រើនជួរវាយប្រហារនៅក្នុងបរិស្ថានបើកចំហ និងទីក្រុង” នេះបើយោងតាមក្រសួង។

បង្កើតឡើងដោយក្រុមហ៊ុនអេឡិចត្រូនិកការពារជាតិអ៊ីស្រាអែល Elbit Systems Iron Fist រួមមានឈុតឧបករណ៍ចាប់សញ្ញាអេឡិចត្រូអុបទិក រ៉ាដាស្វែងរក និងតាមដាន និងឈុតប្រតិកម្មជាមួយ ឧបករណ៍បាញ់បង្ហោះ និងឧបករណ៍ស្ទាក់ចាប់។

វាអាចបន្សាបការគម្រាមកំហែង នៅចម្ងាយ ដែលមានសុវត្ថិភាព ពីនាវាផ្ទុកពាសដែក (APCs) និងជួយអ្នកប្រយុទ្ធ កំណត់ទីតាំងវាយប្រហារ អរិភាពផ្សេងទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រព័ន្ធនេះនឹងត្រូវបានបំពាក់ នៅលើ Eitan ដែលជារថពាសដែក ដែលផលិតក្នុងស្រុក នៅតែស្ថិតក្នុងការអភិវឌ្ឍន៍ ។ មេបញ្ជាការកងទ័ពជើងគោក អ៊ីស្រាអែល លោក Aviram Sela ត្រូវបានដកស្រង់សម្តីថា ប្រព័ន្ធនេះគឺជាផ្នែកមួយនៃ “កិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំងជើងគោក ដើម្បីបង្កើនវិធានការការពារ សម្រាប់កងកម្លាំងនៅលើសមរភូមិ” ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top