ព័ត៌មានអន្តរជាតិ

សារព័ត៌មាន៖ អាមេរិកស្ទាក់ស្ទើរ ក្នុងការបញ្ជូនគ្រាប់បែកចង្កោម ដែលអឺរ៉ុបហាមប្រើ ទៅឱ្យអ៊ុយក្រែន

បរទេស៖ ទីក្រុងវ៉ាស៊ីនតោន មិន “ពិចារណាសកម្ម” ក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅកាន់ទីក្រុងគីវនោះទេ។ នេះបើតាមសារព័ត៌មាន Politico រាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់ប្រភពដែលដឹងពីបញ្ហានេះ។ យោងតាមមន្ត្រីអនុវត្តច្បាប់របស់រុស្ស៊ី ទាហានអ៊ុយក្រែនបានប្រើប្រាស់អាវុធប្រភេទនេះរួចហើយ ដោយបានសម្លាប់ជនស៊ីវិល ៤នាក់នៅក្នុងទីក្រុង Kherson កាលពីខែតុលា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា របាយការណ៍របស់ទស្សនាវដ្ដី Foreign Policy បានសរសេរថា អ៊ុយក្រែនបានស្នើសុំតាំងពីចុងខែកញ្ញា មកម្ល៉េះ នូវគ្រាប់បែកសម័យសង្គ្រាមត្រជាក់ ដែលស្តុកទុកដោយសហរដ្ឋអាមេរិក។ ដូចប្រភេទផ្សេងទៀតនៃគ្រាប់បែកចង្កោមដែរ គ្រាប់ដែលផលិតដោយសហរដ្ឋអាមេរិកអាចបន្សល់ទុកនូវគ្រាប់មិនទាន់ផ្ទុះ ដែលជនស៊ីវិលអាចរងគ្រោះដោយចៃដន្យបាន។

អាវុធទាំងនេះត្រូវបានហាមឃាត់ក្រោមអនុសញ្ញាឆ្នាំ ២០០៨ ស្តីពីគ្រាប់បែកចង្កោម (CCM) ដែលត្រូវបានចុះហត្ថលេខាដោយសមាជិកសហភាពអឺរ៉ុបភាគច្រើន ប៉ុន្តែមិនមែនសហរដ្ឋអាមេរិក អ៊ុយក្រែន ឬរុស្ស៊ីនោះទេ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា “យោងទៅតាមគោលនយោបាយរបស់យើង យើងមានការព្រួយបារម្ភអំពីការប្រើប្រាស់អាវុធប្រភេទទាំងនោះ” ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top