ព័ត៌មានអន្តរជាតិ

រុស្ស៊ី-បេឡារុស្ស បង្កើនទំនាក់ទំនង កាន់តែស៊ីជម្រៅ ខណៈសង្គ្រាមអ៊ុយក្រែន បន្ដអូសបន្លាយ

ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅបំពេញទស្សនកិច្ច នៅទីក្រុង Minsk និងបានជួបពិភាក្សាជាមួយសមភាគី បេឡារុស្ស លោក Alexander Lukashenko កាលពីថ្ងៃចន្ទ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ។

លោក ពូទីន បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានរួមបន្ទាប់ពីកិច្ចប្រជុំថា “បញ្ហាចម្បងនៃទំនាក់ទំនងរុស្ស៊ី-បេឡារុស្ស ក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ មនុស្សធម៌ សន្តិសុខ និងវិស័យការពារជាតិ ត្រូវបានពិភាក្សា ក្នុងលក្ខណៈអាជីវកម្ម និងស្ថាបនា”។

ដោយហៅប្រទេសទាំងពីរថា “សម្ព័ន្ធមិត្ត និងដៃគូយុទ្ធសាស្ត្រ ជិតស្និទ្ធបំផុត” លោក ពូទីន បានលើកឡើងថា រុស្ស៊ី និងបេឡារុស្ស កំពុងបន្តធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅ រួមគ្នាទប់ទល់ នឹងសម្ពាធទណ្ឌកម្ម និងសម្របសម្រួលជំហាន ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃការរឹតបន្តឹងរបស់លោកខាងលិច ។

លោកបានកត់សម្គាល់ថាទំហំពាណិជ្ជកម្មទ្វេភាគី នឹងឈានដល់កំណត់ត្រាជាង ៤០ ពាន់លានដុល្លារនៅដំណាច់ឆ្នាំនេះ ខណៈដែលប្រទេសរុស្ស៊ី នៅតែជាអ្នកវិនិយោគធំជាងគេ នៅក្នុងសេដ្ឋកិច្ចបេឡារុស្ស ដែលមានជាង ៤ ពាន់លានដុល្លារ។

លោក ពូទីន បានប្រាប់អ្នកយកព័ត៌មានថា “ក្នុងអំឡុងពេលកិច្ចពិភាក្សាថ្ងៃនេះ យើងក៏បានពិភាក្សាយ៉ាងលម្អិតអំពីបញ្ហា នៃការបង្កើតលំហការពារទូទៅ និងការធានាសន្តិសុខនៃរដ្ឋសហភាព (រុស្ស៊ី-បេឡារុស្ស) ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃអង្គការសន្ធិសញ្ញា សន្តិសុខសមូហភាព”៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top