តេអេរ៉ង់ ៖ អ៊ីរ៉ង់បានបញ្ជាក់ជាថ្មី នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ខ្លួនមិនបានបញ្ជូនឧបករណ៍យោធា ទៅភាគីណាមួយក្នុងជម្លោះរុស្ស៊ីនិងអ៊ុយក្រែននោះទេ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួង ការបរទេសអ៊ីរ៉ង់ ។
សេចក្តីថ្លែងការណ៍ របស់ក្រសួងបានឲ្យដឹងថា ការកត់សម្គាល់ របស់អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹង “ការចោទប្រកាន់ម្តងហើយម្តងទៀត” របស់ប្រធានាធិបតី អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡិនស្គី នៅក្នុងសុន្ទរកថា របស់លោកទៅកាន់សភាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ។
លោក Kanaani បានលើកឡើងដោយព្រមាន លោក ហ្សេឡិនស្គី ថា “អ៊ីរ៉ង់តែងតែគោរពបូរណភាពទឹកដី នៃប្រទេសទាំងអស់ រួមទាំងអ៊ុយក្រែន” ដោយបានព្រមានថា “មានដែនកំណត់ ចំពោះការអត់ធ្មត់របស់អ៊ីរ៉ង់ ជាមួយនឹងការចោទប្រកាន់ ដែលគ្មានមូលដ្ឋានបែបនេះ” ។
ប្រទេសអ៊ុយក្រែន និងប្រទេសលោកខាងលិច បានចោទប្រកាន់អ៊ីរ៉ង់ថា បានបញ្ជូនយន្តហោះដ្រូនអត្តឃាត ទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងជម្លោះ នៅអ៊ុយក្រែន ប៉ុន្ដែអ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់នេះជាញឹកញាប់ថា ជាការចោទប្រកាន់គ្មានមូលដ្ឋាន ៕