ព័ត៌មានអន្តរជាតិ

Update ៖ កោះតៃវ៉ាន់ បញ្ជាក់ថា មានយន្តហោះរបស់ចិន ចំនួន៧១គ្រឿង ហោះចូលដែន អាកាសរបស់ខ្លួន

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ថា យន្តហោះកងទ័ពអាកាសចិន ចំនួន៧១គ្រឿង រួមទាំងយន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្ស បើកបានចូលក្នុងតំបន់កំណត់ អត្តសញ្ញាណការពារដែនអាកាស របស់កោះតៃវ៉ាន់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាការលុកលុយដ៏ធំបំផុត ដែលបានរាយការណ៍ មកទល់នឹងបច្ចុប្បន្ននេះ ។

ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងនៅក្នុង របាយការណ៍មួយថា ក្នុងចំណោមយន្តហោះនោះ យន្តហោះចំនួន៤៣គ្រឿង ក៏បានឆ្លងកាត់ខ្សែ បន្ទាត់មធ្យមរបស់ច្រក សមុទ្រកោះតៃវ៉ាន់ ដែលជាកន្លែងរារាំងមិនផ្លូវការ រវាងភាគីទាំង២ ដែលស្ថិតនៅក្នុងតំបន់ការពារ ខណៈក្រុងប៉េកាំង បន្តសកម្មភាពយោធា នៅជិតកោះនេះ ។

ទីភ្នាក់ងារព័ត៌មានកណ្តាលផ្លូវការ របស់កោះតៃវ៉ាន់ បានឲ្យដឹងថា នេះគឺជាការលុកលុយ របស់កម្លាំងទ័ពអាកាសចិន ដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្ននេះ បើទោះបីជាមិនមានការជូនដំណឹង នៅលើកោះនេះ ដែលបានមើលឃើញពីការកើនឡើង ជាលំដាប់នៃសម្ពាធរបស់ចិន នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ។

ប្រទេសចិន ដែលទាមទារកោះតៃវ៉ាន់ ជាទឹកដីរបស់ខ្លួន បានឲ្យដឹងថា ខ្លួនបានធ្វើ “សមយុទ្ធវាយប្រហារ” នៅក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលខ្លួនបានលើកឡើងថា ជាការបង្កហេតុពីកោះនេះ និងសហរដ្ឋអាមេរិក ។

កោះតៃវ៉ាន់ បានបដិសេធ យ៉ាងខ្លាំងចំពោះការទាមទារអធិបតេយ្យភាពរបស់ប្រទេសចិន បានបញ្ជាក់ថា សមយុទ្ធនេះបង្ហាញថា ក្រុងប៉េកាំងកំពុងបំផ្លាញ សន្តិភាពនៅក្នុងតំបន់ និងព្យាយាមបំភិតបំភ័យ ប្រជាជនកោះតៃវ៉ាន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top