ព័ត៌មានអន្តរជាតិ

Update ៖ គ្រោះទឹកជំនន់នៅហ្វីលីពីន បណ្តាលឲ្យស្លាប់ មនុស្សរហូតដល់២៥នាក់

ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ថា ក្រុមមន្ត្រីបានឲ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់២៥នាក់ហើយ ដោយព្យុះរំពឹងថា នឹងធ្វើឱ្យមានភ្លៀងធ្លាក់បន្ថែមទៀត លើតំបន់ភាគខាងត្បូង និងកណ្តាល ដែលរងគ្រោះខ្លាំងបំផុត ។

មនុស្សរាប់ម៉ឺននាក់ត្រូវបានបង្ខំឱ្យភៀសខ្លួន ចេញពីផ្ទះរបស់ពួកគេ ខណៈដែលភ្លៀងធ្លាក់ខ្លាំង បានលិចលង់ភូមិជនបទ ទីប្រជុំជន និងផ្លូវហាយវេនៅថ្ងៃបុណ្យណូអែល ដោយធ្វើឱ្យពិធីបុណ្យឈប់សម្រាកដ៏សំខាន់បំផុត នៅក្នុងប្រទេស ដែលភាគច្រើនជាកាតូលិកជួបការលំបាក ។

ទីភ្នាក់ងារគ្រោះ មហន្តរាយជាតិ បានឲ្យដឹងនៅក្នុងការធ្វើបច្ចុប្បន្នភាព ចំនួនអ្នកស្លាប់នៅក្នុងខេត្ត Misamis Occidental យ៉ាងហោចណាស់ មនុស្ស១៣នាក់បានស្លាប់ ដែលភាគច្រើនមកពីការលង់ទឹក នៅក្នុងខេត្ត Misamis Occidental នៅលើកោះ Mindanao ភាគខាងត្បូង ។

មនុស្សចំនួន២៦នាក់ នៅតែបាត់ខ្លួន ហើយ៩នាក់បានរងរបួស ។

អ្នកព្យាករណ៍អាកាសធាតុរបស់រដ្ឋបានឲ្យដឹងថា ភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ទំនងជានៅទូទាំងតំបន់ភាគខាងត្បូង និងកណ្តាលនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដោយសារតែតំបន់សម្ពាធទាប នៅឆ្នេរសមុទ្រដែលអាចវិវត្តទៅជាព្យុះត្រូពិច ៕

Most Popular

To Top