អង់គ្លេស៖ នេះបើយោងតាមរបាយការណ៍មួយ បានប្រាប់ឲ្យដឹងថា ប្រភពថាមពលកកើតឡើងវិញបានបង្កើត ៤០ភាគរយ នៃថាមពលអគ្គិសនីរបស់ចក្រភពអង់គ្លេស នាឆ្នាំ ២០២២ កើនឡើងពី ៣៥ភាគរយ កាលពីឆ្នាំមុន ខណៈចំណែកនៃឥន្ធនៈហ្វូស៊ីល នៅក្នុងល្បាយថាមពល ក៏បានកើនឡើងផងដែរ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
ខ្យល់ ថាមពលព្រះអាទិត្យ ជីវម៉ាស់ និងវារីអគ្គិសនី គឺជាប្រភពចម្បងនៃថាមពល កកើតឡើងវិញ ហើយការផលិតសរុបពីថាមពលកកើតឡើងវិញ មានច្រើនជាងបួនដងក្នុងរយៈពេល មួយទសវត្សរ៍ចុងក្រោយនេះ។ ការវិភាគនៃការបង្កើតថាមពល ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍មួយ ដោយអ្នកសិក្សាមកពីមហាវិទ្យាល័យ Imperial College London សម្រាប់ Drax Electric Insights ។
លោក Iain Staffell មកពី Imperial College London និងជាអ្នកដឹកនាំរបាយការណ៍ បាននិយាយថា ឆ្នាំ២០២២ គឺជាឆ្នាំដែលមិនដូចអ្វីផ្សេងទៀត សម្រាប់ឧស្សាហកម្មថាមពល។ លោកបានមានប្រសាសន៍ថា ទោះបីជាថាមពលកកើតឡើងវិញ ផ្តល់នូវថាមពលបៃតងថោក ជាងពេលមុនៗក៏ដោយ ក៏សាធារណជនកំពុងមានអារម្មណ៍ ឈឺចាប់ពីឧស្ម័ន ។
តម្លៃដែលបានកើនឡើង ជាការឆ្លើយតបនឹងការរំខាន ដល់ការផ្គត់ផ្គង់ដែលទាក់ទង នឹងការលុកលុយរបស់រុស្ស៊ី នៅអ៊ុយក្រែន ក្នុងខែកុម្ភៈ។ Drax បាននិយាយថា ចក្រភពអង់គ្លេស រួមជាមួយនឹងបណ្តាប្រទេស នៅអឺរ៉ុបផ្សេងទៀត បានពន្យារអាយុជីវិតរបស់អង្គភាពថាមពល ដើរដោយធ្យូងថ្ម ដើម្បីព្យាយាមធានាការផ្គត់ផ្គង់គ្រប់គ្រាន់ ក្នុងកំឡុងតម្រូវការកំពូលនៃរដូវរងា ខណៈការនាំចូលថាមពល របស់ចក្រភពអង់គ្លេស បានធ្លាក់ចុះដល់សូន្យនៅឆ្នាំ ២០២២ បើធៀបនឹងការផ្គត់ផ្គង់ ៨ភាគរយកាលឆ្នាំ ២០២១៕ ដោយ៖លី ភីលីព