ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចុះ​បញ្ជី​ខ្មៅ​ មន្ត្រី​អាមេរិក​ជិត ៦០ នាក់ ​សម្រាប់​ការ​ធ្វើ​ឃាត ​មេទ័ព​កំពូលរបស់ខ្លួន

តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា មន្ត្រីអាមេរិកជិត ៦០នាក់ ត្រូវបានបញ្ចូលក្នុងបញ្ជីខ្មៅ ដោយទីក្រុងតេអេរ៉ង់ សម្រាប់ការចូលរួមរបស់ពួកគេ ក្នុងការធ្វើឃាតមេបញ្ជាការ កំពូលអ៊ីរ៉ង់ Qassem Soleimani ។

នៅក្នុងបទសម្ភាសន៍ តាមទូរទស្សន៍នៅមុនខួបលើកទីបី នៃការធ្វើឃាត Soleimani អតីតមេបញ្ជាការកងកំលាំង Quds នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម រដ្ឋមន្ត្រីការបរទេសលោក Hossein Amir-Abdollahian បានឲ្យដឹងថា អ៊ីរ៉ង់កំពុងស៊ើបអង្កេតលើអាមេរិក ជុំវិញការធ្វើឃាតមេបញ្ជាការកំពូលអ៊ីរ៉ង់។

លោកបានសង្កត់ធ្ងន់ថា ទោះជាយ៉ាងនេះក្តី ជនជាតិអាមេរិក និងបស្ចិមប្រទេសកំពុងប្រើល្បិចមួយ ចូលទៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ ដើម្បីបន្តសំណុំរឿងនេះ ដោយស្របច្បាប់ ទោះបីជាទីក្រុងតេអេរ៉ង់ បានចាត់វិធានការចាំបាច់ក៏ដោយ ។

ក្នុងអំឡុងពេល នៃកិច្ចចរចានៅទីក្រុងវីយែន នាពេលថ្មីៗនេះ ស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ជនជាតិអាមេរិកបានទាមទារ ឱ្យដកអតីតមន្ត្រី របស់ពួកគេចេញពីបញ្ជីខ្មៅ របស់អ៊ីរ៉ង់ នេះបើយោងតាមលោក ​​Amir-Abdollahian ។

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ យោធាសហរដ្ឋអាមេរិក តាមបញ្ជារបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានធ្វើឃាតលោក Soleimani និងមេបញ្ជាការរង នៃកងកម្លាំងប្រដាប់អាវុធ Hashd Shaabi របស់ប្រទេសអ៊ីរ៉ាក់ កងកម្លាំង Abu Mahdi al-Muhandis ក្នុងការវាយប្រហារ ដោយយន្តហោះដ្រូននៅជិតអាកាសយានដ្ឋានអន្តរជាតិបាកដាដ ការធ្វើឃាតនេះត្រូវបានថ្កោលទោស ដោយប្រទេសអ៊ីរ៉ង់ថា ជា “ភេរវកម្មរដ្ឋ” ៕

Most Popular

To Top