គៀវ៖ លោក Oleksandr Shtupun អ្នកនាំពាក្យអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ីបានបាត់បង់ស្ថានីយ៍រ៉ាដា និងឃ្លាំងរំសេវនៅក្នុងការវាយប្រហារ របស់អ៊ុយក្រែន។

លោក Shtupun បានឲ្យដឹងក្នុងអំឡុងពេលសន្និសីទសង្ខេប អំពីប្រតិបត្តិការដែលបានអាប់ដេត ដែលបានបង្ហោះនៅលើ Facebook ថា មន្ទីរពេទ្យមួយក្នុងតំបន់ Luhansk របស់ប្រទេសអ៊ុយក្រែន “ពោរពេញដោយទាហានរុស្ស៊ី ដែលរងរបួស” កាលពីថ្ងៃព្រហស្បតិ៍។ កងកម្លាំងអ៊ុយក្រែនក៏បានបំផ្លាញសម្ភារៈយោធា របស់រុស្ស៊ីផងដែរ និងបានកំណត់គោលដៅ លើទាហានរុស្ស៊ី។
អ្នកនាំពាក្យបានឲ្យដឹងថា “អ្នកកាន់កាប់ប្រដាប់អាវុធរហូតដល់ ១០ នាក់ត្រូវបានរងរបួស និងបំផ្លាញនៅក្នុងតំបន់ Donetsk ។ លើសពីនេះ សម្ភារៈយោធាចំនួន ២គ្រឿងត្រូវបានបំផ្លាញ និង ៣ផ្សេងទៀតត្រូវបានខូចខាត” ។ “យន្តហោះរបស់យើងបានធ្វើការវាយប្រហារចំនួន ៥ ដង លើតំបន់ដែលអ្នកកាន់កាប់ ប្រមូលផ្តុំរបស់រុស្ស៊ី។ ក្នុងអំឡុងពេលថ្ងៃនេះ យន្តហោះឈ្លបយកការណ៍ UAV ប្រភេទ ‘Orlan-10’ ត្រូវបានបាញ់ទម្លាក់” ។
លោកបានបន្តទៀតថា “ក្នុងពេលជាមួយគ្នានោះ អង្គភាពកងទ័ពកាំជ្រួច និងកាំភ្លើងធំនៃកងកម្លាំងការពារ ប្រទេសអ៊ុយក្រែន បានវាយប្រហារលើតំបន់ចំនួន ៦ ដែលប្រមូលផ្តុំកម្លាំងមនុស្ស និងសម្ភារៈយោធារបស់សត្រូវ ឃ្លាំងអាវុធចំនួន ៥ និងស្ថានីយ៍រ៉ាដាមួយ” ។
យោងតាមលោក Shtupun ដែលបានបន្ថែមថា កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារតាមផ្លូវអាកាស ចំនួន ១៦លើក កាលពីថ្ងៃសុក្រ រួមទាំងការវាយប្រហារចំនួន ១៥លើកដែលបានវាយប្រហារ ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នេះបើយោងតាមលោក Shtupun ដែលបានបន្ថែមថា ជនជាតិរុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនធុន Shahed-136 ផលិតដោយអ៊ីរ៉ង់ចំនួន ៨គ្រឿង ដែលត្រូវបានបាញ់ទម្លាក់ទាំងអស់៕ប្រែសមមរួល ឈូក បូរ៉ា
