បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងប៉ារីសនឹងផ្ទេររថក្រោះធុនស្រាល ប្រភេទ AMX-10 ផលិតក្នុងស្រុករបស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន ដោយក្លាយជាសមាជិកណាតូដំបូងគេ ដែលបញ្ជូនរថពាសដែក មិនមែនសូវៀតទៅឱ្យទីក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ព័ត៌មាននៃការផ្ទេរនេះ ត្រូវបានទម្លាយដោយប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ដែលបានសរសេរនៅលើ Twitter ថា លោកមាន “ការសន្ទនាដ៏វែងនិងលម្អិត” ជាមួយប្រធានាធិបតីបារាំង Emmanuel Macron ។ លោក Zelensky បានបន្ថែមថា លោកបានថ្លែងអំណរគុណ ចំពោះលោក Macron សម្រាប់ “ការសម្រេចចិត្ត ក្នុងការផ្ទេររថក្រោះធុនស្រាល” ទៅកាន់អ៊ុយក្រែន និងសម្រាប់ការបញ្ចុះបញ្ចូល សម្ព័ន្ធមិត្តរបស់បារាំង ឱ្យធ្វើដូចគ្នានេះ។
ការប្រកាសរបស់លោក Zelensky ត្រូវបានបញ្ជាក់ដោយជំនួយការ របស់លោក Macron ។ មន្ត្រីរូបនេះមិនបានបញ្ជាក់ថា តើរថក្រោះប៉ុន្មានគ្រឿងនឹងត្រូវបញ្ជូន ឬនៅពេលណានោះទេ ប៉ុន្តែបានប្រកាសថា វាជា “លើកទីមួយហើយ ដែលរថក្រោះរចនាដោយលោកខាងលិច ត្រូវបានផ្គត់ផ្គង់ដល់កងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន” , នេះបើយោងតាមរបាយការណ៍របស់ AFP ។
ប្រទេសបារាំងក៏នឹងផ្តល់អំណោយ ចំនួនមិនជាក់លាក់នៃរថពាសដែក Bastion ដែលបានបម្រើការជាមួយ យោធារបស់ខ្លួនតាំងពីឆ្នាំ ២០១២៕ ប្រែសម្រួលៈ ណៃ តុលា