ព័ត៌មានអន្តរជាតិ

នាវាចម្បាំងរុស្ស៊ី ប្រដាប់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង ចាប់ផ្តើមកាតព្វកិច្ចប្រយុទ្ធហើយ

ម៉ូស្គូ៖ នាវាចម្បាំងចុងក្រោយបង្អស់របស់រុស្សី Admiral Gorshkov ដែលមានបំពាក់ដោយមីស៊ីលនាំផ្លូវ Tsirkon ដែលមានល្បឿនលឿនជាងសំឡេងនៅលើនោះ បានចាប់ផ្ដើមបេសកកម្មរយៈចម្ងាយឆ្ងាយកាលពីថ្ងៃពុធម្សិលមិញនេះ។

វិមានក្រឹមឡាំងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មុនពេលការចាកចេញរបស់នាវាចម្បាំង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឮរបាយការណ៍របស់រដ្ឋមន្ត្រីការពារជាតិ Sergei Shoigu និងមេបញ្ជាការនាវាចម្បាំង តាមរយៈតំណភ្ជាប់វីដេអូ។

លោក Shoigu បានឲ្យដឹងថា នាវាពហុគោលបំណងទំនើប ដែលមានសមត្ថភាពកំណត់ និងការវាយប្រហារដ៏ខ្លាំងក្លាប្រឆាំងនឹងគោលដៅកងទ័ពជើងទឹក និងជើងគោក នឹងធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក សមុទ្រមេឌីទែរ៉ាណេ និងមហាសមុទ្រឥណ្ឌា។

មីស៊ីល Tsirkon ដែលអាចហោះក្នុងល្បឿនលើសពីរ៉ុក្កែត Mach 9 និងគ្របដណ្ដប់លើរយៈចម្ងាយជាង ១០០០គីឡូម៉ែត្រ អាចជ្រាបចូលទៅក្នុងប្រព័ន្ធការពារដែនអាកាស និងមីស៊ីលណាមួយ។

លោក Shoigu បានបន្ដថា បេសកកម្មនេះមានគោលបំណងទប់ទល់នឹងការគម្រាមកំហែងណាមួយចំពោះរុស្ស៊ី ដោយរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់រួមគ្នាជាមួយបណ្តាប្រទេសជាមិត្ត ដោយបន្ថែមថានាវិកនឹងអនុវត្តការប្រើប្រាស់អាវុធលឿនជាងសំឡេង និងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយក្នុងលក្ខខណ្ឌបរិស្ថានផ្សេងៗ៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top