ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ជាថ្មីថា ខ្លួនមិននៅក្នុងផ្នែកណាមួយនៃសង្គ្រាមអ៊ុយក្រែន នោះឡើយ

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា អ៊ីរ៉ង់ មិនមែនជាផ្នែកនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយបដិសេធការចោទប្រកាន់ “គ្មានមូលដ្ឋាន” ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Nasser Kanaani បានឲ្យដឹងក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “អ៊ីរ៉ង់មិនមែនជាផ្នែកនៃជម្លោះនៅអ៊ុយក្រែននោះទេ ហើយការចោទប្រកាន់ដោយគ្មានមូលដ្ឋានលើអ៊ីរ៉ង់ នឹងមិនជួយដោះស្រាយបញ្ហានោះទេ” ។

លោកបានកត់សម្គាល់ថា មន្ត្រីអ៊ីរ៉ង់ និងអ៊ុយក្រែនបានផ្លាស់ប្តូរទស្សនៈជុំវិញការចោទប្រកាន់នេះ ហើយទាំងអ៊ុយក្រែន ឬអ្នកចោទប្រកាន់ផ្សេងទៀតមិនអាចរកឃើញភស្តុតាងណាមួយ សម្រាប់ការចោទប្រកាន់របស់ពួកគេនោះទេ។

លោក Kanaani បានលើកឡើងថា “កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់អ៊ីរ៉ង់ ជាមួយប្រទេសផ្សេងទៀត គឺផ្អែកលើផលប្រយោជន៍រួម ហើយត្រូវបានអនុវត្តដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ” ដោយបន្ថែមថាកិច្ចសហប្រតិបត្តិការការពារជាតិរវាងអ៊ីរ៉ង់ និងរុស្ស៊ី ត្រូវបានអនុវត្តមុនពេលជម្លោះអ៊ុយក្រែន។

អ្នកនាំពាក្យរបស់អ៊ីរ៉ង់ បានណែនាំថា អាជ្ញាធរអ៊ុយក្រែនគួរតែបញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមិនពិត ប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែពិចារណាដំណោះស្រាយសមស្របចំពោះវិបត្តិ។

អ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិច បានចោទប្រកាន់អ៊ីរ៉ង់ថា បាននាំចេញយន្តហោះដ្រូនអត្តឃាតទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន ដែលអ៊ីរ៉ង់បានច្រានចោលម្តងហើយម្តងទៀតថា “គ្មានមូលដ្ឋាន”៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top