ព័ត៌មានអន្តរជាតិ

ប្រទេសមួយនៅអាស៊ី សម្លឹងរកទិញប្រព័ន្ធតាមដានដ្រូន របស់អ៊ីស្រាអែល ក្រោយការលុកលុយ របស់ដ្រូនកូរ៉េខាងជើង

បរទេស ៖ យោធាកូរ៉េខាងត្បូង ដែលស្ថិតនៅក្រោមសម្ពាធ ក្នុងការពង្រឹងការការពារ ដែនអាកាសរបស់ខ្លួន បន្ទាប់ពីបរាជ័យ ក្នុងការស្ទាក់ចាប់យន្តហោះ គ្មានមនុស្សបើករបស់កូរ៉េខាងជើងចំនួន៥គ្រឿង ដែលហោះហើរជុំវិញជាច្រើនម៉ោង នៅក្នុងដែនអាកាស នៃទីក្រុងសេអ៊ូលនោះ ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការទិញប្រព័ន្ធអ៊ីស្រាអែល សម្រាប់រកយានគ្មានមនុស្សបើក (UAVs) ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិ កូរ៉េខាងត្បូង អាចនឹងទិញប្រព័ន្ធ ដែលគេឱ្យឈ្មោះថា “ភ្នែកអគ្គិសនី” ឬជា Sky Spotter លើមូលដ្ឋានបង្កើនល្បឿន, នេះបើយោងតាមសារព័ត៌មាន Yonhap News បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីមន្ត្រីយោធា មិនបញ្ចេញអត្តសញ្ញាណម្នាក់។ Sky Spotter ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនការពារជាតិ អ៊ីស្រាអែល Rafael Advanced Defense Systems ហើយត្រូវបានរចនាឡើងដើម្បីផ្តល់នូវការរកតាមរក ឬតាមដានយន្តហោះគ្មានមនុស្សបើក balloons និងវត្ថុហោះហើរផ្សេងទៀត ។

សារព័ត៌មាន Yonhap News បានផ្សាយថា ការសម្រេចចិត្តលើថា តើត្រូវស្នើសុំការយល់ព្រមជាផ្លូវការ សម្រាប់ការទិញយកនឹងធ្វើឡើង ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្ទាប់ពីការសិក្សាអំពីប្រសិទ្ធភាព នៃប្រព័ន្ធនេះក្នុងការទប់ទល់នឹងការគំរាមកំហែង ដោយយន្តហោះគ្មានមនុស្សបើក របស់កូរ៉េខាងជើង។

ក្រុមអ្នកវិភាគការពារជាតិ កូរ៉េខាងត្បូង កំពុងព្យាយាមកំណត់ពីរបៀបល្អបំផុត ក្នុងការដោតចន្លោះប្រហោងក្នុងរ៉ាដា និងឧបករណ៍អង្កេតកម្ដៅ បច្ចុប្បន្នរបស់វា ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top