ព័ត៌មានអន្តរជាតិ

លោក បៃដិន អញ្ជើញប្រធានាធិបតីថ្មី ប្រេស៊ីល បំពេញទស្សនកិច្ច ខណៈប្រទេសប្រេស៊ីល កំពុងចលាចល

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះ​ ទទួលសមភាគីប្រេស៊ីលលោក Luiz Inacio Lula da Silva សម្រាប់ដំណើរទស្សនកិច្ច នៅសហរដ្ឋអាមេរិក នៅដើមខែកុម្ភៈ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បន្ទាប់ពីការហៅទូរស័ព្ទ រវាងប្រធានាធិបតីទាំងពីរ បន្ទាប់ពីការវាយប្រហារដោយហិង្សា លើអគាររដ្ឋាភិបាលប្រេស៊ីល។

សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា ដំណើរទស្សនកិច្ច ដែលការអញ្ជើញពីលោក បៃដិន ត្រូវបានទទួលយកដោយលោក Lula da Silva មានបំណងបម្រើជាឱកាសមួយ សម្រាប់មេដឹកនាំទាំងពីរមាន “ការពិគ្រោះយោបល់ស៊ីជម្រៅ លើរបៀបវារៈចែករំលែកដ៏ធំទូលាយមួយ” ។

ក្នុងអំឡុងការអំពាវនាវនេះ លោក បៃដិន បាន “ថ្កោលទោសអំពើហឹង្សា និងការវាយប្រហារលើស្ថាប័ន ប្រជាធិបតេយ្យ និងការផ្ទេរអំណាចដោយសន្តិវិធី” ដែលពិភពលោកបានឃើញ នៅទីក្រុង Brasilia រដ្ឋធានីរបស់ប្រទេសនេះ ខណៈដែលក្រុមអ្នកគាំទ្រ អតីតប្រធានាធិបតីលោក Jair Bolsonaro បានសម្រុកចូលវិមានប្រធានាធិបតី អគារសភា និងតុលាការកំពូលនៅថ្ងៃអាទិត្យ។

គិតត្រឹមថ្ងៃច័ន្ទនេះម្សិលមិញនេះ ការចាប់ខ្លួនជាង ១២០០នាក់ ត្រូវបានធ្វើឡើង ពាក់ព័ន្ធនឹងអំពើហិង្សានេះ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាព ដោយរដ្ឋមន្ត្រីយុត្តិធម៌ប្រេស៊ីល លោក Flavio Dino ។

អ្នកគាំទ្រលោក Bolsonaro កំពុងតវ៉ាប្រឆាំងនឹងការបរាជ័យ របស់អតីតប្រធានាធិបតីដោយលោក Lula da Silva ក្នុងការបោះឆ្នោតប្រធានាធិបតីខែតុលា។ លោកBolsonaro មិនបានចូលរួមពិធីសម្ពោធ អ្នកស្នងតំណែងរបស់គាត់នៅថ្ងៃទី០១ ខែមករា ហើយឥឡូវនេះស្ថិតនៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ដែលត្រូវបានគេរាយការណ៍ថា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែ “ភាពមិនស្រួល” ។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price បានបដិសេធមិនបង្ហាញពីប្រភេទ នៃទិដ្ឋាការដែលលោក Bolsonaro ចូលសហរដ្ឋអាមេរិក៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top