បរទេស៖ ក្រុមហ៊ុនផលិតមីស៊ីលឈានមុខគេ របស់ប្រទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃចន្ទថា អ្នកវិទ្យាសាស្ត្ររ៉ុក្កែតយោធាកំពូល របស់រុស្ស៊ីលោក Pavel Kamnev បានទទួលមរណភាព ក្នុងអាយុ ៨៦ ឆ្នាំ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Kamnev កើតនៅឆ្នាំ ១៩៣៧ នៅទីក្រុង Caspian នៃ Makhachkala។ លោក Kamnev បានធ្វើការនៅក្នុងឧស្សាហកម្ម យន្តហោះរបស់ប្រទេសរុស្ស៊ី ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ ។ បន្ទាប់ពីការដួលរលំ នៃសហភាពសូវៀត លោកបានដឹកនាំការិយាល័យរចនា Novator ជាកន្លែងដែលលោក ត្រូវបានប្រគល់ភារកិច្ចឱ្យបង្កើតមីស៊ីលថ្មី សម្រាប់យោធារបស់ប្រទេសរុស្ស៊ី។
វិស្វកររូបនេះបានបន្តធ្វើការ ក្នុងឧស្សាហកម្មនេះ ទោះបីជាលោកមានវ័យចំណាស់ក៏ដោយ ដោយធ្វើជាប្រធានក្រុមប្រឹក្សាភិបាល របស់ Novator និងបម្រើការជាអ្នកវិទ្យាសាស្ត្រនាំមុខគេ នៃក្រុមហ៊ុនមេរបស់ការិយាល័យគឺ Almaz-Antey Corporation នៅពេលលោកស្លាប់។
ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក “Pavel Kamnev គឺជាសសរស្តម្ភមួយ នៃឧស្សាហកម្មយោធាក្នុងស្រុក ដែលជាអ្នកវិទ្យាសាស្ត្រ ក្នុងវិស័យវិទ្យាសាស្ត្ររ៉ុក្កែត” ។
សព្វាវុធដែលល្បីបំផុត ត្រូវបានបង្កើតឡើងដោយសារតែលោក Kamenev គឺមីស៊ីលរយៈចម្ងាយឆ្ងាយ Kalibr ។ គ្រាប់មីស៊ីលដែលមានភាពជាក់លាក់ខ្ពស់ បាញ់ចំគោលដៅ ត្រូវបានផ្ទុកនៅលើនាវាចម្បាំង និងនាវាមុជទឹករបស់រុស្ស៊ី ក៏ដូចជាប្រើប្រាស់ដោយអាកាសចរណ៍ រយៈចម្ងាយឆ្ងាយរបស់ប្រទេសនេះផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា
