គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅតួកគីលោក Vasyl Bodnar បានឲ្យដឹងថា កិច្ចប្រជុំកំពូល ដើម្បីពិភាក្សាអំពីផែនការសន្តិភាពសម្រាប់អ៊ុយក្រែន អាចនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកុម្ភៈ។
លោក Bodnar បានលើកឡើងថា កិច្ចប្រជុំកំពូលដែលនឹងធ្វើឡើងក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។
លោកបានថ្លែងអំណរគុណចំពោះតួកគី សម្រាប់ការគាំទ្រសម្រាប់ផែនការដែលបានស្នើឡើងដោយ ទីក្រុងគៀវ ស្តីពីការបង្កើតសន្តិភាពនៅអ៊ុយក្រែន និងការត្រៀមខ្លួនជាស្រេច ដើម្បីជួយក្នុងការអនុវត្តរបស់ខ្លួន។
ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានដាក់ចេញនូវផែនការសន្តិភាព ១០ចំណុច សម្រាប់បញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី ក្នុងខែវិច្ឆិកា ឆ្នាំ២០២២៕ប្រែសម្រួល ឈូក បូរ៉ា