ព័ត៌មានអន្តរជាតិ

ជប៉ុន និង​អាមេរិក យល់​ស្រប​គ្នាថា ចិន​ជា​បញ្ហា​ប្រឈម​យុទ្ធសាស្ត្រ​ធំ​បំផុត​

តូក្យូ៖ មន្ត្រីការបរទេស និងការពារជាតិកំពូលរបស់ជប៉ុន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធថា អំណាចដែលកំពុងកើនឡើងរបស់ចិន បង្កជា “បញ្ហាប្រឈមជាយុទ្ធសាស្ត្រដ៏ធំបំផុត” នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះ ដោយប្តេជ្ញាពង្រឹងការទប់ស្កាត់ ក៏ដូចជាពង្រីកវិសាលភាពនៃសន្ធិសញ្ញាសន្តិសុខរបស់ពួកគេទៅក្នុងលំហ។

ប្រឈមមុខនឹងការគម្រាមកំហែងផ្នែកសន្តិសុខយ៉ាងធ្ងន់ធ្ងរផងដែរ ពីកូរ៉េខាងជើង និងរុស្ស៊ី រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi និងរដ្ឋមន្ត្រីការពារជាតិលោក Yasukazu Hamada រួមជាមួយសមភាគីអាមេរិកលោក Antony Blinken និងលោក Lloyd Austin បានយល់ព្រមធ្វើទំនើបកម្ម និងបង្កើនប្រសិទ្ធភាពសម្ព័ន្ធភាពរបស់ប្រទេសនៅអ្វីដែលគេហៅថាកិច្ចប្រជុំពីរបូកពីរ នៅវ៉ាស៊ីនតោន។

កិច្ចប្រជុំទ្វេភាគីដែលបានធ្វើឡើងចុងក្រោយនៅក្នុងខែមករា ឆ្នាំ២០២២ បានធ្វើឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រទេសជប៉ុន បានអនុម័តឯកសារយុទ្ធសាស្ត្រសន្តិសុខ និងការពារជាតិថ្មីដែលដាក់ទីក្រុងតូក្យូ នៅលើផ្លូវមួយ ដើម្បីទទួលបាននូវសមត្ថភាព “ប្រឆាំងការវាយប្រហារ” ឬសមត្ថភាពក្នុងការវាយលុកមូលដ្ឋានសត្រូវ ប្រសិនបើតម្រូវការកើតឡើង និងការទិញមីស៊ីលឆ្លងទ្វីប Tomahawk រាប់រយគ្រាប់ ដែលផលិតដោយសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា “រដ្ឋមន្ត្រីបានយល់ស្របថា គោលនយោបាយការបរទេសរបស់ប្រទេសចិន ស្វែងរកការរៀបចំឡើងវិញនូវសណ្តាប់ធ្នាប់អន្តរជាតិ ដើម្បីផលប្រយោជន៍របស់ខ្លួន និងប្រើប្រាស់អំណាចនយោបាយ សេដ្ឋកិច្ច យោធា និងបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនរបស់ប្រទេសចិន ដល់ទីបញ្ចប់។ ឥរិយាបថ​នេះ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សម្ព័ន្ធភាព និង​សហគមន៍​អន្តរជាតិ​ទាំង​មូល៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top