ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ព្រមានប៉ូឡូញ អំពីការផ្គត់ផ្គង់ អាវុធខុសច្បាប់ ទៅឲ្យប្រទេសអ៊ុយក្រែន

បរទេស ៖ អ្នកនាំពាក្យ របស់រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការលើកឡើងថា ការសម្រេចចិត្ត ក្នុងការផ្តល់រថក្រោះប្រភេទ Leopard 2 ដែលផលិត នៅក្នុងប្រទេសអាល្លឺម៉ង់ ជាច្រើនគ្រឿង ទៅឲ្យប្រទេសអ៊ុយក្រែន ពីសំណាក់រដ្ឋាភិបាលប៉ូឡូញនោះ គឺជារឿងដែលមិនត្រឹមត្រូវ តាមច្បាប់ឡើយ ប្រសិនបើអាល្លឺម៉ង់ មិនទាន់បានអនុញ្ញាតិនោះ។

គួរឲ្យដឹងដែរថា មុននេះបន្តិចប្រទេសប៉ូឡូញ បានប្រកាសអំពីផែនការ ក្នុងការផ្គត់ផ្គង់អាវុធ និងរថយន្តយោធាជាច្រើនគ្រឿង ទៅឲ្យប្រទេសអ៊ុយក្រែន ខណៈពេលជាមួយគ្នានេះ ប្រទេសហ្វាំងឡង់ ក៏បានប្រកាសផ្គត់ផ្គង់ អាវុធដូចគ្នាដែរ ឲ្យរដ្ឋាភិបាលក្រុងគៀវ។

លោកស្រីអ្នកនាំពាក្យ នៃរដ្ឋាភិបាលអាល្លឺម៉ង់ Christiane Hoffman បានថ្លែងថា នេះគឺជារឿងខុសច្បាប់ នៅពេលដែលប៉ូឡូញ បានផ្គត់ផ្គង់អាវុធមួយចំនួន
ទៅឲ្យប្រទេសអ៊ុយក្រែន ដោយមិនទាន់បានទទួលការ អនុញ្ញាតិជាមុនពីសំណាក់ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង ។

ដើមសប្តាហ៍កន្លងមកនេះ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ធ្លាប់បានប្រកាសហើយថា រដ្ឋាភិបាលប៉ូឡូញ នឹងរៀបចំក្នុងការដឹកជញ្ជូន រថក្រោះប្រភេទ Leopard ជាច្រើនគ្រឿងទៅឲ្យប្រទេស អ៊ុយក្រែន ទាំងដែលអាល្លឺម៉ង់ មិនទាន់ធ្លាប់បានប្រកាសដឹងលឺ អំពីការងារនេះនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top