ព័ត៌មានអន្តរជាតិ

ចិន ជំរុញឱ្យកូរ៉េខាងត្បូង ដោះស្រាយ និងគ្រប់គ្រងបញ្ហាប្រព័ន្ធ​ ការពារដែនអាកាស THAAD របស់អាមេរិកឱ្យបានត្រឹមត្រូវ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិនបានជំរុញឱ្យសាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បន្តដោះស្រាយ និងគ្រប់គ្រងបញ្ហា THAAD ឱ្យបានត្រឹមត្រូវ ដើម្បីការពារកុំឱ្យវាក្លាយជា ឧបសគ្គរារាំងដល់ទំនាក់ទំនងទ្វេភាគី។

អ្នកនាំពាក្យ Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយ​ លើការរៀបចំសេចក្តីព្រាងរបាយការណ៍ របស់កូរ៉េខាងត្បូង ស្តីពីការវាយតម្លៃផលប៉ះពាល់បរិស្ថាន នៃមូលដ្ឋាន THAAD ។

លោក Wang បានបន្ដថា ប្រទេសចិនកំពុងតាមដានយ៉ាងដិត ដល់នូវចំណាត់ការរបស់កូរ៉េខាងត្បូង លើបញ្ហា THAAD ហើយកំពុងរក្សាទំនាក់ទំនងជាមួយកូរ៉េខាងត្បូង នៅគ្រប់កម្រិតលើបញ្ហានេះ។

លោកបន្ថែមថា “យើងសង្ឃឹមថា ភាគីកូរ៉េខាងត្បូង នឹងបន្តដោះស្រាយ និងគ្រប់គ្រងបញ្ហា THAAD ឱ្យបានត្រឹមត្រូវ ស្របតាមការឯកភាពលើ THAAD ដែលបានឈានដល់រវាងទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Park Jin នៅពេលដែលពួកគេ បានជួបគ្នានៅទីក្រុង Qingdao កាលពីខែសីហាឆ្នាំមុន។ លោក​បាន​បន្ត​ថា គួររារាំង​វា​មិន​ឱ្យ​ក្លាយ​ជា​ឧបសគ្គ​ ដែល​រារាំង​ដល់​ទំនាក់ទំនង​ទ្វេភាគី”៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top