គៀវ ៖ លោក Serhiy Nayev មេបញ្ជាការកងកម្លាំងចម្រុះ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កំពុងរឹតបន្តឹងការការពារព្រំដែន របស់ខ្លួនជាមួយប្រទេសបេឡារុស្ស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Nayev ត្រូវបានដកស្រង់សម្តីដោយសេវា សារព័ត៌មានរបស់កងកម្លាំងរួមថា “យើងអនុវត្តការងារ ដែលបានប្រគល់ឱ្យយើង ប្រកបដោយវិជ្ជាជីវៈ ហើយបង្កើនសមត្ថភាពការពារ របស់យើងជាលំដាប់” ។ ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្ននៅព្រំដែន ជាមួយប្រទេសបេឡារុស្ស មិនបង្កការគំរាមកំហែង ដោយផ្ទាល់ដល់ការវាយលុកលើដី ប្រឆាំងនឹងអ៊ុយក្រែននោះទេ ។
លោក Nayev បានបន្ដថា អ៊ុយក្រែនកំពុងទាក់ទងជាមួយដៃគូ បរទេសរបស់ខ្លួនដូចជាសហរដ្ឋអាមេរិក និងប៉ូឡូញ ជុំវិញស្ថានភាពនៅព្រំដែន អ៊ុយក្រែន-បេឡារុស្ស។ កាលពីឆ្នាំមុន អ៊ុយក្រែនបានចាប់ផ្តើមសាងសង់ ជញ្ជាំងតាមបណ្តោយព្រំដែន របស់ខ្លួនជាមួយនឹងប្រទេសបេឡារុស ដែលរួមមានប្រឡាយ របងបេតុងពង្រឹង និងលួសបន្លា ក្នុងចំណោមរនាំងផ្សេងទៀត។ គួរបញ្ជាក់ថា អ៊ុយក្រែន និងបេឡារុស្ស មានព្រំប្រទល់ប្រហែល ១០០០ គីឡូម៉ែត្រ ៕
ប្រែសម្រួល ឈូក បូរ៉ា
