កាម្ម៉ង់ឌូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មនុស្ស៦៨នាក់បានស្លាប់កាលពីថ្ងៃអាទិត្យ នៅគ្រាដែលជើងហោះហើរក្នុងស្រុករបស់ក្រុមហ៊ុន Yeti Airlines បានធ្លាក់នៅទីក្រុង Pokhara ក្នុងប្រទេសនេប៉ាល់ ដែលនេះជាការធ្លាក់យន្តហោះដ៏អាក្រក់បំផុតក្នុងរយៈពេល៣ទសវត្សរ៍នៅក្នុងប្រទេសតូចមួយនៃភ្នំហិមាល័យ ។
ក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់បានរុករកតាមជម្រាលភ្នំដែលជាកន្លែងដែលជើងហោះហើរដែលដឹកមនុស្សចំនួន៧២នាក់ចេញពីរដ្ឋធានី កាម្ម៉ង់ឌូ បានធ្លាក់ ។ ក្រុមមន្ត្រីនៅពេលល្ងាចបានបញ្ចប់បិទប្រតិបត្តិការស្វែងរកសម្រាប់ថ្ងៃនេះដោយបានលើកឡើងថា ពួកគេនឹងបន្តនៅថ្ងៃចន្ទនេះទៀត ។
មន្ត្រីបានប្រាប់ដល់ទីភ្នាក់ងារ Reuters ថា “សាកសពចំនួន៣០នាក់ត្រូវបានគេរកឃើញ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ” ។ “សាកសពចំនួន១៤នាក់ផ្សេងទៀតកំពុងស្ថិតនៅកន្លែងធ្លាក់ ហើយអាជ្ញាធរកំពុងនាំយករថយន្តស្ទូចដើម្បីផ្លាស់ទីពួកគេ” ។
ខ្សែវីដេអូទូរទស្សន៍ក្នុងស្រុកនៅមុននេះបានបង្ហាញក្រុមអ្នកជួយសង្គ្រោះកំពុងរុករកផ្នែកដែលខូចនៃយន្តហោះ ។ ដីមួយចំនួននៅជិតកន្លែងធ្លាក់យន្តហោះត្រូវបានឆាបឆេះ ដោយមានអណ្តាតភ្លើងដែលអាចមើលឃើញ ។ អាកាសធាតុបានច្បាស់លាស់ ហើយមិនទាន់មានប្រភពណាមួយបញ្ជាក់ថា បណ្តាលមកពីមូលហេតុអ្វីនោះទេ ។
គួរបញ្ជាក់ថា នេះគឺជាការធ្លាក់យន្តហោះដ៏សាហាវបំផុតរបស់ប្រទេសនេប៉ាល់ ចាប់តាំងពីឆ្នាំ១៩៩២មក បណ្តាញសុវត្ថិភាពអាកាសចរណ៍បានបង្ហាញថា នៅគ្រាដែលយន្តហោះ Airbus A300 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានបានធ្លាក់ចូលទៅក្នុងភ្នំមួយនៅពេលឆ្ពោះទៅកាន់ទីក្រុង កាម្ម៉ង់ឌូ ដោយបានសម្លាប់មនុស្សទាំងអស់១៦៧នាក់នៅលើយន្តហោះនោះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា