បរទេស ៖ សមាជិកសភា មកពីគណបក្សអភិរក្សម្នាក់ របស់ប្រទេសអង់គ្លេស គឺលោក Bob Seely កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា ចំនួនរថក្រោះ ដែលអង់គ្លេស បានផ្គត់ផ្គង់ឲ្យអ៊ុយក្រែន តាមការសន្យានោះគឺ មិនមានចំនួនគ្រប់គ្រាន់ ដើម្បីឲ្យអ៊ុយក្រែន យកឈ្នះរុស្សីឡើយ និងបានអំពាវនាវ ឲ្យមានការបន្ថែមជំនួយយោធា បែបនេះជាច្រើនទៀត ឲ្យរដ្ឋាភិបាលក្រុងគៀវផង ។
សេចក្តីថ្លែងការណ៍ របស់លោកបានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ អង់គ្លេស បានប្រកាសថាអង់គ្លេស នឹងបញ្ជូនរថក្រោះ ប្រភេទ Challenger 2 ជាច្រើនគ្រឿងទៅឲ្យប្រទេស អ៊ុយក្រែនដោយសង្ឃឹមថា អ៊ុយក្រែននឹងអាចយក ឈ្នះរុស្សីកាន់តែលឿនជាងនេះ ។
នៅក្នុងការបង្ហោះលើបណ្តាញ សង្គម Twitter លោក Seely បានបង្ហាញនូវការជឿជាក់ថា រថក្រោះទាំង១៤គ្រឿងដែលអង់គ្លេស សន្យាផ្តល់ឲ្យនោះ គឺមិនគ្រប់គ្រាន់ឡើយ ពីអ្វីដែលរដ្ឋាភិបាល ទីក្រុងគៀវចង់បាន ដែលក្នុងនោះយ៉ាងហោចណាស់រថក្រោះ ចំនួន៣០០គ្រឿង និងរថយន្តយោធា សម្រាប់ប្រយុទ្ធ៥០០ គ្រឿងផ្សេងទៀត ៕
ប្រែសម្រួល៖ស៊ុនលី