ព័ត៌មានអន្តរជាតិ

ប្រទេសចិន ចោទអាមេរិក ជាចោរលួចប្រេង របស់ប្រទេសស៊ីរី

បរទេស៖ ប្រទេសចិន បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះការលួចប្លន់នៅក្នុងប្រទេសស៊ីរី ដោយអះអាងថា ការកាន់កាប់ខាងយោធារយៈពេលជាច្រើន ឆ្នាំរបស់ទីក្រុងវ៉ាស៊ីនតោន និង “ការលួចប្លន់” ធនធាននៅក្នុងប្រទេសស៊ីរី បានធ្វើឱ្យប្រទេសនេះស្ថិតនៅលើគែមនៃ “គ្រោះមហន្តរាយមនុស្សធម៌” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ថ្មីៗ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយស៊ីរីដែលថា កងកម្លាំងអាមេរិកបានដឹកជញ្ជូន “ប្រេងដែលលួចបាន” យ៉ាងច្រើនពីស៊ីរីទៅកាន់ប្រទេសអ៊ីរ៉ាក់ កាលពីដើមខែនេះ។

លោក Wang Wenbin បាននិយាយថា “យើងត្រូវបានវាយប្រហារដោយភាពស្លូតបូត និងភាពសាហាវឃោរឃៅនៃការប្លន់យកពីស៊ីរីរបស់សហរដ្ឋអាមេរិក… ការលួចបែបនេះកំពុងធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង នូវវិបត្តិថាមពល និងគ្រោះមហន្តរាយមនុស្សធម៌ នៅក្នុងប្រទេសស៊ីរី” ដោយលោកលើកឡើងពីស្ថិតិរបស់រដ្ឋាភិបាលស៊ីរី ដែលអះអាងថា “ជាង ៨០ភាគរយ នៃទិន្នផលប្រេងប្រចាំថ្ងៃរបស់ប្រទេសស៊ីរីត្រូវបានគេរត់ពន្ធ ចេញពីប្រទេសដោយកងទ័ពកាន់កាប់របស់សហរដ្ឋអាមេរិក” នៅឆមាសទីមួយនៃឆ្នាំ ២០២២។

សូមជម្រាបថា នៅថ្ងៃទី ១៤ ខែមករា ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី (SANA) របស់ទីក្រុង Damascus បានរាយការណ៍ថា “ក្បួនរថយន្តមួយដែលមានឡានផ្ទុកប្រេងចំនួន ៥៣គ្រឿងដែលប្រេងរបស់ស៊ីរីដែលត្រូវបានលួច” និងត្រូវបាននាំយកពីខេត្ត Hasakah របស់ប្រទេសនេះទៅកាន់ “មូលដ្ឋានទ័ពអាមេរិកក្នុងទឹកដីអ៊ីរ៉ាក់” ដោយកត់សម្គាល់ប្រតិបត្តិការនេះ ត្រូវបានអនុវត្តជាមួយសកម្មជនឃឺដក្នុងស្រុក ដែលបានទទួលការគាំទ្រពីអាមេរិកជាយូរមកហើយ។ សារព័ត៌មានក៏បានបញ្ជាក់ផងដែរថា ឡានធំធំចំនួន ៦០ គ្រឿងទៀតបានលួចដឹកប្រេង និងស្រូវសាលីដែលលួចចូលទៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីដើមខែនេះ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top