ព័ត៌មានអន្តរជាតិ

តើលោកខាងលិច នឹងផ្ដល់ឲ្យអ៊ុយក្រែន នូវរថក្រោះប្រយុទ្ធ តាមការស្នើសុំដែរ ឬយ៉ាណា?

គៀវ៖ ចក្រភព​អង់គ្លេស បាន​សន្យា​ផ្តល់​រថក្រោះ​ប្រយុទ្ធ​ជាច្រើន​គ្រឿង​ទៅ​ឲ្យ​អ៊ុយក្រែន ខណៈ​ខ្លួន​បន្ត​ប្រយុទ្ធ​នឹង​កម្លាំង​ឈ្លានពាន​របស់​រុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។

ទីក្រុងមូស្គូ បានបញ្ចេញប្រតិកម្ម ដោយកំហឹងដោយថា អង្គភាពទាំងអស់ដែលចក្រភពអង់គ្លេស គ្រោងនឹងបញ្ជូន “នឹងត្រូវបានកំទេចចោល” និងមិនធ្វើអ្វីដើម្បីកែប្រែលទ្ធផល នៃសង្រ្គាមជិតមួយឆ្នាំរបស់ខ្លួនបានឡើយ។

សេចក្តីប្រកាសរបស់ចក្រភពអង់គ្លេស ទំនងជានឹងបង្កើនសម្ពាធលើប្រទេសអាល្លឺម៉ង់ ក្នុងការអនុញ្ញាតឱ្យនាំចេញរថក្រោះផលិតដោយអាល្លឺម៉ង់ ទៅកាន់អ៊ុយក្រែន ខណៈដែលប្រទេសអឺរ៉ុបមួយចំនួន កំពុងរង់ចាំការយល់ព្រមពីទីក្រុងប៊ែរឡាំង។

ហេតុអ្វីបានជាអ៊ុយក្រែន អំពាវនាវរកជំនួយរថក្រោះពីលោកខាងលិច? រដ្ឋាភិបាលអ៊ុយក្រែន បានអង្វរម្តងហើយម្តងទៀត សម្រាប់អាវុធបន្ថែម – រួមទាំងរថក្រោះប្រយុទ្ធ ពីសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការរុញកងកម្លាំងរុស្ស៊ីចេញពីប្រទេស។

រហូតមកដល់ពេលនេះ អ៊ុយក្រែន បានពឹងផ្អែកជាចម្បងលើប្រភេទរថក្រោះ T-72 សម័យសូវៀត។ រថក្រោះសមរភូមិដែលរចនាឡើង ដោយប្រទេសណាតូ ដូចជាផលិតដោយចក្រភពអង់គ្លេស និងអាល្លឺម៉ង់ នឹងផ្តល់ឱ្យកងកម្លាំងរបស់ទីក្រុងគៀវ ជាមួយនឹងការការពារប្រសើរជាងមុន និងកម្លាំងបាញ់ត្រឹមត្រូវជាងមុន៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top