ព័ត៌មានអន្តរជាតិ

ប៉ូឡូញ​ ព្រមាន ចំពោះការមិន​អើពើ ​របស់អាល្លឺម៉ង់​ លើ​ការផ្តល់រថក្រោះ​ទៅឱ្យអ៊ុយក្រែន

បរទេស ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយថា រដ្ឋាភិបាលទីក្រុង Warsaw កំពុងដាក់សម្ពាធលើទីក្រុងប៊ែរឡាំង ដើម្បីអនុញ្ញាត ឱ្យខ្លួនអាចផ្គត់ផ្គង់រថក្រោះ ប្រយុទ្ធ Leopard 2 ផលិតដោយអាល្លឺម៉ង់ ដល់ប្រទេសអ៊ុយក្រែន ប៉ុន្តែមិនចាត់ទុកការ យល់ព្រមរបស់ខ្លួន ជាចាំបាច់នោះទេ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Mateusz Morawiecki បានប្រាប់ទូរទស្សន៍ Polsat កាលពីល្ងាចថ្ងៃពុធថា “ការយល់ព្រម គឺជាបញ្ហាបន្ទាប់បន្សំ” ។ លោកបានបន្ថែមថា ទីក្រុង Warsaw រំពឹងថានឹងទទួលបានការ អនុញ្ញាតពីទីក្រុងប៊ែរឡាំងយ៉ាងឆាប់រហ័ស ប៉ុន្តែ ក៏អាច “ធ្វើរឿងត្រឹមត្រូវដោយខ្លួនឯងដែរ” ។

ប្រទេសប៉ូឡូញបានផ្តល់រថក្រោះ Leopard 2 ចំនួន ១៤ គ្រឿង ដល់ទីក្រុងគៀវ ហើយចង់ឱ្យប្រទេសលោកខាងលិច ផ្សេងទៀត រួមមានហ្វាំងឡង់ ដាណឺម៉ាក និងប្រទេសបារាំង ផងដែរចូលរួម ដូច្នេះអ៊ុយក្រែន អាចទទួលបានរថក្រោះរហូតដល់ ១០០គ្រឿង ។ លោក Morawiecki បាននិយាយថា ការបំពេញបន្ថែមកងនាវា ពាសដែកអ៊ុយក្រែន គឺជារឿងបន្ទាន់ ពីព្រោះរុស្ស៊ីអាច “ប្រហែលជា” ចាប់ផ្តើមការ វាយលុកនៅដើមខែកុម្ភៈ លោកបានបន្ថែមដោយលើកឡើង ពីមតិអ្នកជំនាញ “ផ្សេងៗគ្នា” ។

មេដឹកនាំប៉ូឡូញរូបនេះ បានចោទអាល្លឺម៉ង់ថា បានស្ថិតក្នុងចំណោមប្រទេសអ៊ឺរ៉ុប “ខ្លាចជាងគេ” ទាក់ទងនឹងការបំពាក់រថក្រោះដល់អ៊ុយក្រែន។ ទីក្រុងប៊ែរឡាំង តាមសេចក្តីរាយការណ៍ ចង់ឱ្យសហរដ្ឋអាមេរិក ដឹកនាំការផ្តល់រថក្រោះឱ្យ អ៊ុយក្រែនមុនសិន មុនពេលដែលខ្លួនអនុញ្ញាត ឱ្យគ្រឿងសឹកផលិតដោយអាល្លឺម៉ង់ ចូលទៅក្នុងទីក្រុងគៀវ៕

Most Popular

To Top