ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី អំពាវនាវ រកជំនួយយោធាបន្ថែមទៀត ខណៈរុស្ស៊ីថា ជំនួយបន្ថែមទៀត នឹងនាំទុក្ខដល់អ៊ុយក្រែន និងប្រជាជនរបស់ខ្លួន

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំរុញឱ្យមេដឹកនាំការពារជាតិ ចូលរួមកិច្ចប្រជុំមួយនៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីពន្លឿនការផ្គត់ផ្គង់អាវុធ ដល់អ៊ុយក្រែន។

លោក ហ្សេឡិនស្គី បានឲ្យដឹងនៅពេលថ្លែងទៅកាន់ កិច្ចប្រជុំតាមរយៈតំណភ្ជាប់វីដេអូថា “យើងត្រូវតែបង្កើនល្បឿន។ ពេលវេលាត្រូវតែក្លាយជា អាវុធសំខាន់របស់យើង ដូចជាការការពារដែនអាកាស កាំភ្លើងធំ រថពាសដែក និងរថក្រោះ” ។

នៅក្នុងនោះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងកាលពីថ្ងៃសុក្រ ដោយបានវាយតម្លៃថា វិបត្តិអ៊ុយក្រែន កំពុងតែវិវឌ្ឍជារង្វង់កើនឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Peskov បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “យើងឃើញការកើនឡើង នូវការចូលរួមដោយប្រយោល និងជួនកាលដោយផ្ទាល់ ពីបណ្តាប្រទេសណាតូក្នុងជម្លោះនេះ” ដោយលោកបានបន្ថែមថា ការផ្គត់ផ្គង់អាវុធធុនធ្ងន់ ដល់អ៊ុយក្រែន នឹងមិនអាចផ្លាស់ប្តូរអ្វី ជាមូលដ្ឋានបាននោះទេ ក្រៅពីបញ្ហាកាន់តែអាក្រក់ សម្រាប់ទីក្រុងគៀវ និងប្រជាជនអ៊ុយក្រែន។

សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសកញ្ចប់ជំនួយយោធាថ្មី សម្រាប់អ៊ុយក្រែន រួមទាំងរថពាសដែករាប់រយគ្រឿង និងជំនួយសម្រាប់ការពារដែនអាកាស របស់អ៊ុយក្រែនថែមទៀត។

លោក ហ្សេឡិនស្គី កាលពីថ្ងៃសុក្របានស្វាគមន៍ ការសម្រេចចិត្តនេះ ហើយបានថ្លែងអំណរគុណ ដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន សម្រាប់ជំនួយដែលមានតម្លៃ ២,៥ពាន់លានដុល្លារអាមេរិក៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top