បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសបង្ហាញនូវផែនការជាតិមួយ សម្រាប់វិស័យការពារជាតិដើម្បីអាចប្រឈមមុខទៅនឹង ការគម្រាមកំហែងក្នុងសម័យកាល
ប្រើប្រាស់អាវុធទំនើប ជាពិសេសដូចជាករណីជម្លោះនៅអ៊ុយក្រែនដោយរុស្សីជាដើម។
ប្រភពដដែលបានបញ្ចាក់ទៀតថា លោកប្រធានាធិបតីបានធ្វើការកត់សំគាល់និងបកស្រាយបង្ហាញ នូវផែនការថវិកាដែលមានទំហំរហូតទៅដ់៤១៣ពាន់លានអឺរ៉ូ ឬត្រូវជា៣៦០ពាន់លានផោនដើម្បីប្រើប្រាស់ក្នុងវិស័យការពារជាតិពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ខណៈដែលកញ្ចប់ថវិកាកាលពីអាណត្តិមុន មានត្រឹមតែ២៩៥លានអឺរ៉ូប៉ុណ្ណោះ។
លោកប្រធានាធិបតីបានពន្យល់ទៀតថា កិច្ចការងារដំបូងចាំបាច់ដែលត្រូវធ្វើនោះគឺការជួសជុល និងរៀបចំស្តុកឡើងវិញចំពោះអាវុធដែលខ្លួនមាននិងធ្វើការអភិវឌ្ឍ និងកែប្រែបបន្ថែមផងដែរ។
គួរឲ្យដឹងដែរថាចាប់តាំងតែ ពីមានការឈ្លានពានដោយរុស្សីទៅលើប្រទេសអ៊ុយក្រែន កន្លងមកព្រឹត្តិការណ៍នេះបានធ្វើឲ្យបណ្តាប្រទេសលោកខាងលិច បាននាំគ្នាភ្ញាក់ផ្អើលហើយងាកទៅរកកិច្ចការងារចំណាយ លើវិស័យយោធាឡើងវិញដើម្បីត្រៀមខ្លួនករណីស្រដៀងគ្នានេះ ដែលអាចកើតឡើងនាពេលខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី

