គៀវ៖ កងកម្លាំងអ៊ុយក្រែនបានឲ្យដឹងថា ពួកគេបានបើកការវាយប្រហារលើមូលដ្ឋាន និងមន្ទីរពេទ្យវាលមួយកន្លែង ដែលទាហានរុស្ស៊ីកំពុងស្នាក់នៅ ជាមួយនឹងប្រភពអ៊ុយក្រែនបានឲ្យដឹងនៅលើ Twitter ថាមនុស្សជាង ១០០នាក់ត្រូវបានទុកចោលនៅក្រោមគំនរបាក់បែក។
កាលពីថ្ងៃអាទិត្យ នាយកដ្ឋានទំនាក់ទំនងយុទ្ធសាស្ត្ររបស់យោធាអ៊ុយក្រែន (AFU Stratcom) បានរាយការណ៍ថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារលើអគារមន្ទីរពេទ្យនៃអតីតរោងចក្រផលិតម៉ាស៊ីននៅក្នុងទីក្រុង Kadiivka ដែលកាន់កាប់ដោយរុស្ស៊ី ចម្ងាយប្រហែល ៣០ម៉ាយភាគខាងត្បូងនៃទីក្រុង Lysychansk ។
AFU Stratcom បានឲ្យដឹងថា អតីតមន្ទីពេទ្យនេះធ្លាប់ជាកន្លែងស្នាក់នៅរបស់ទាហានរុស្ស៊ី ជាពិសេសអ្នកដែលមានទំនាក់ទំនងជាមួយមេដឹកនាំ Chechen Ramzan Kadyrov ដែលបានរិះគន់មេបញ្ជាការសង្រ្គាមរបស់ទីក្រុងម៉ូស្គូ។
កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន បានឲ្យដឹងនៅក្នុងសារ Telegram ដែលពិពណ៌នាអំពីរបៀបដែលទីតាំងនេះត្រូវបានប្រែក្លាយទៅជាទីតាំងសម្រាប់ទាហានរបស់ Kadyrov ថា “អតីតកន្លែងចែកចាយនៃរោងចក្រផលិតម៉ាស៊ីន ត្រូវបានវាយប្រហារដោយអាវុធ ដែលមានភាពជាក់លាក់ខ្ពស់”៕