ព័ត៌មានអន្តរជាតិ

ឧត្តម​សេនីយ៍ ​អាមេរិក​ព្រមាន​ថា ការ​បណ្តេញ​រុស្ស៊ី ​ចេញ​ពី​អ៊ុយក្រែន មិនមែនជារឿង ងាយស្រួលនោះទេ

វ៉ាស៊ីនតោន ៖ ប្រធានអគ្គសេនាធិការចម្រុះលោក Mark Milley បានព្រមាន កាលពីថ្ងៃសុក្រថា ការបណ្តេញកងកម្លាំងរុស្ស៊ី ទាំងស្រុងចេញពីអ៊ុយក្រែន ក្នុងរយៈពេលនៃឆ្នាំ២០២៣ នឹងក្លាយជាកិច្ចការ ដ៏លំបាកបំផុតមួយ ។

ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាននៅឯមូលដ្ឋាន ទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ លោក Milley បានលើកឡើងថា លោកជឿជាក់ថា សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងបញ្ចប់ដោយការចរចា ជាជាងនៅលើសមរភូមិ ។

លោក Milley បានបន្ដថា “តាមទស្សនៈយោធា ខ្ញុំនៅតែប្រកាន់ថា សម្រាប់ឆ្នាំនេះ វាពិតជាលំបាក ខ្លាំងណាស់ ក្នុងការបណ្តេញកងកម្លាំង រុស្ស៊ីចេញពីគ្រប់អ៊ីញនៃទឹកដី អ៊ុយក្រែន ដែលរុស្ស៊ីកាន់កាប់”។ ” មិនមែនមានន័យថា វានឹងមិនកើតឡើង នោះទេ ប៉ុន្តែវានឹងពិបាកខ្លាំងណាស់”។

សង្រ្គាមនៅអ៊ុយក្រែន ពេលនេះជិតដល់ខួបមួយឆ្នាំ របស់ខ្លួនហើយ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបើកការឈ្លានពាន របស់គាត់នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។

បើទោះបីជាមានការ ព្យាករណ៍ដំបូងមួយចំនួនថា រុស្ស៊ីនឹងសម្រេចបានជ័យជំនះភ្លាមៗនៅអ៊ុយក្រែនក៏ដោយ អ្នកជំនាញជឿថា សមត្ថភាពជម្លោះរបស់រុស្ស៊ី ត្រូវបានគេវាយតម្លៃលើសកម្រិត។

ទោះជាយ៉ាងនេះក្តី ភាគីទាំងសងខាងមិន ទាន់អាចផ្តួលរំលំភាគីម្ខាងទៀតនៅលើសមរភូមិ បានទាំងស្រុងនោះទេ ខណៈដែលការប្រយុទ្ធ នៅតែបន្តនៅទូទាំងភាគខាងកើត និង ភាគខាងត្បូងអ៊ុយក្រែន។ ការអត្ថាធិប្បាយ របស់លោក Milley កាលពីថ្ងៃសុក្រ បង្ហាញថា ជ័យជម្នះក្នុងសមរភូមិសរុបលើផ្នែក របស់អ៊ុយក្រែនទំនងជានឹងមិនកើតឡើង ក្នុងឆ្នាំប្រតិទិនបច្ចុប្បន្ននោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top