ព្រុចសែល៖ ជំនួយយោធារបស់សហភាពអឺរ៉ុប ដល់អ៊ុយក្រែន នឹងត្រូវបញ្ចូលទឹកប្រាក់បន្ថែម ៥០០ លានអឺរ៉ូ (៥៤៣ លានដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ប្រមុខការបរទេសសហភាពអឺរ៉ុបលោក Josep Borrell បានឲ្យដឹងថា ការបណ្តុះបណ្តាលសម្រាប់យោធារបស់ប្រទេសដែលមានតម្លៃ៤៥លានអឺរ៉ូក៏ត្រូវបានព្រមព្រៀងដែរ។
លោក Borrell បានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបថា “នេះគឺជាកញ្ចប់ទី៧ នៃជំនួយយោធាសម្រាប់អ៊ុយក្រែន” ។
នេះនាំមកនូវចំនួនសរុបនៃជំនួយហិរញ្ញវត្ថុយោធាដល់អ៊ុយក្រែនដែលបានផ្តល់ហិរញ្ញប្បទានតាមរយៈមូលនិធិសន្តិភាពអឺរ៉ុបដល់ ៣,៦ពាន់លានអឺរ៉ូ។ ទន្ទឹមនឹងនោះ ជំនួយសរុបរបស់សហភាពអឺរ៉ុបសម្រាប់ប្រទេសនេះឥឡូវនេះកំពុងឈានដល់ ៥០ពាន់លានអឺរ៉ូ ដែលធ្វើឱ្យសហភាពអឺរ៉ុបក្លាយជាអ្នកផ្តល់ជំនួយនាំមុខគេដល់អ៊ុយក្រែន។
រុស្ស៊ីបានឲ្យដឹងម្តងហើយម្តងទៀតថា ការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចដល់អ៊ុយក្រែន មិនជួយដោះស្រាយជម្លោះនោះទេ ប៉ុន្តែអូសបន្លាយការឈឺចាប់របស់ប្រជាជនអ៊ុយក្រែនកាន់តែច្រើនឡើងថែមទៀត៕