គៀវ ៖ រុស្ស៊ី និងអ៊ីរ៉ង់កំពុងស្វែងរកថា តើទីក្រុងមូស្គូអាចផ្តល់ឧទ្ធម្ភាគចក្រ វាយប្រហារទំនើបបំផុត របស់ខ្លួនដល់ទីក្រុង តេអេរ៉ង់ឬយ៉ាងណា បើយោងតាមរបាយការណ៍ថ្មី នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek ។
ដោយសរសេរនៅក្នុងការអាប់ដេត ប្រចាំថ្ងៃរបស់ខ្លួនអំពីសង្គ្រាមនៅអ៊ុយក្រែន វិទ្យាស្ថានសិក្សាអំពីសង្គ្រាម ISW បានយោងបទវិចារណកថា មួយដែលត្រូវបានបោះពុម្ពផ្សាយដោយ ទីភ្នាក់ងារ សារព័ត៌មាន Tasnim ក្នុងទីក្រុងតេអេរ៉ង់ ដែលមានទំនាក់ទំនង ជាមួយអង្គភាពឆ្មាំ បដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់ ។
ISW បានឧ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយបានពិភាក្សាអំពីរបៀប “កិច្ចព្រមព្រៀងផលិតកម្មរួមគ្នារវាងរុស្ស៊ី-អ៊ីរ៉ង់ អាចអនុញ្ញាតឱ្យអ៊ីរ៉ង់ ទទួលបានឧទ្ធម្ភាគចក្រវាយប្រហារ Mi-28 និង Ka-52 របស់រុស្ស៊ី”។
ISW បានបន្ថែមថា ទាំងរុស្ស៊ី និងអ៊ីរ៉ង់ នឹងសម្លឹងមើលកិច្ចព្រមព្រៀង បែបនេះជាមធ្យោបាយមួយ ដើម្បីបន្ធូរបន្ថយសម្ពាធ នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងពួកគេ។
ប្រធានសភាឌូម៉ា របស់រុស្ស៊ី លោក Vyacheslav Volodin បានទៅបំពេញទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃចន្ទ ហើយត្រូវបានដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មាន Tasnim ដោយចាត់ទុកការបង្កើនពាណិជ្ជកម្មរវាងរុស្ស៊ី និងអ៊ីរ៉ង់ថាជា “ការមានសារៈសំខាន់ខ្លាំងណាស់” នៅក្នុងបរិបទនៃទណ្ឌកម្ម ៕
ប្រែសម្រួល ឈូក បូរ៉ា