ព័ត៌មានអន្តរជាតិ

ប្រតិបត្តិករស្ថានីយ៍ ប្រេងឥន្ធនៈអ៊ីតាលី ធ្វើកូដកម្ម ចំពេលតម្លៃកើនឡើង

រ៉ូម៖ កិច្ចខិតខំប្រឹងប្រែងចុងក្រោយ ដើម្បីជៀសវាងការធ្វើកូដកម្ម ថ្នាក់ជាតិ របស់អ្នកចែកចាយប្រេងសាំង និងម៉ាស៊ូត បានធ្លាក់ចុះកាលពីថ្ងៃអង្គារ ខណៈដែលជិត ៣ភាគ៤ នៃស្ថានីយ៍ប្រេងឥន្ធនៈចំនួន ២១០០០កន្លែង របស់ប្រទេសអ៊ីតាលី បានឈប់ដំណើរ ការនៅម៉ោង ៧យប់។

កូដកម្មដែលត្រូវបានធ្វើឡើង ដើម្បីតវ៉ាប្រឆាំង នឹងច្បាប់បង្ហាញតម្លៃថ្មី ដែលបានធ្វើឡើង ចំពេលមានការកើនឡើង តម្លៃប្រេងឥន្ធនៈត្រូវបានគ្រោងទុកដំបូងក្នុងរយៈពេល ៦០ម៉ោង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ច្បាប់តម្រូវឱ្យអ្នកចែកចាយប្រកាស ការវិភាគពេញលេញនៃតម្លៃរបស់ពួកគេ រួមជាមួយនឹងបញ្ជីតម្លៃមធ្យមជាតិ។ ការផ្លាស់ប្តូរនេះត្រូវបានរៀបចំឡើង ដើម្បីបង្កើនតម្លាភាពលើតម្លៃ និងកាត់បន្ថយ ការរំពឹងទុកតម្លៃ។

ប៉ុន្តែអ្នកចែកចាយបានឲ្យដឹងថា ច្បាប់ថ្មីបានចាត់ទុកពួកគេថា ជាអង្គភាពដែលទទួលខុសត្រូវ ចំពោះការកើនឡើង តម្លៃនាពេលថ្មីៗនេះ នៅពេលដែលថ្លៃសេវា របស់ពួកគេមានចំនួនប្រហែល ២ ភាគរយនៃតម្លៃ ដែលគិតដល់អ្នកប្រើប្រាស់ ។

កាលពីថ្ងៃច័ន្ទ ក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់ប្រទេសអាល់ហ្សេរី ក្នុងគោលបំណងធានាប្រភពប្រេងថ្មី ដើម្បីជំនួសការនាំចូលពីប្រទេសរុស្ស៊ី នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni បានឲ្យដឹងថា ច្បាប់ថ្មីនេះមិនមានបំណងធ្វើឱ្យប្រតិបត្តិករស្ថានីយ៍ ប្រេងឥន្ធនៈអាម៉ាស់នោះទេ។

បន្ទាប់​ពី​ការ​ចរចា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កាល​ពី​សប្តាហ៍​មុន កូដកម្ម​ត្រូវ​បាន​ផ្អាក​មួយ​រយៈ​ខ្លី ហើយ​បន្ទាប់​មក​បាន​កំណត់​ពេល​វេលា​ខ្លី​ជាង ៤៨ ម៉ោង៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top