បរទេស៖ កាសែត The Telegraph បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពមួយចំនួនថា ចក្រភពអង់គ្លេស មិនមានគម្រោងបញ្ជូន យន្តហោះចម្បាំងទំនើប របស់ខ្លួនទៅឱ្យប្រទេស អ៊ុយក្រែននោះទេ ដោយសារតែមាន ការព្រួយបារម្ភថា ការបញ្ជូនបែបនេះ នឹងនាំឱ្យមានការកើនឡើង នៃជម្លោះរវាងទីក្រុងម៉ូស្គូនិងទីក្រុងគៀវ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃពុធ បន្ទាប់ពីការសម្រេចចិត្តរបស់អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់ដល់អ៊ុយក្រែន ជាមួយនឹងរថក្រោះប្រយុទ្ធដ៏សំខាន់ ដែលផលិតដោយលោកខាងលិចមក ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានបង្កើនសំណើររបស់លោកទ្វេដង សម្រាប់គ្រឿងសព្វាវុធ ហើយថែមទាំងស្នើឱ្យអ្នកគាំទ្រ លោកខាង លិចសម្រាប់ការផ្តល់ មីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះចម្បាំង ផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមប្រភពកងទ័ពអាកាស ដែលដកស្រង់ដោយ The Telegraph ការបញ្ជូនយន្តហោះទៅកាន់ទីក្រុងគៀវ “ត្រូវបានគេមើលឃើញថា មានការកើនឡើងខ្លាំង” ដោយអាជ្ញាធរចក្រភពអង់គ្លេស៕
ប្រែសម្រួលៈ ណៃ តុលា