ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) បានចេញការអំពាវនាវ ជាបន្ទាន់មួយ សម្រាប់ប្រទេសនានា ក្នុងការបង្ក្រាបផលិតផល វេជ្ជសាស្រ្តដែលមិនមានស្តង់ដារ បន្ទាប់ពីកុមារជាង ៣០០ នាក់បានស្លាប់ នៅក្នុងប្រទេសជាច្រើន ដោយសារតែស៊ីរ៉ូក្អក ដែលមានមេរោគ។
ក្នុងរយៈពេល ៤ខែកន្លងមកនេះ WHO បានឲ្យដឹងថា ឧប្បត្តិហេតុជាច្រើន ត្រូវបានគេរាយការណ៍អំពីថ្នាំក្អកគ្មានវេជ្ជបញ្ជា សម្រាប់កុមារ ដែលមានផ្ទុកនូវកម្រិតខ្ពស់នៃ diethylene glycol (DEG) និង ethylene glycol (EG) ។
ទាំងនេះគឺជាសារធាតុគីមីពុល ដែលប្រើជាសារធាតុរំលាយ ឧស្សាហកម្ម និងភ្នាក់ងារប្រឆាំងនឹងការកក ដែលអាចបណ្តាលឱ្យស្លាប់ សូម្បីតែក្នុងបរិមាណតិចតួច ហើយមិនគួរត្រូវបានរកឃើញ នៅក្នុងថ្នាំពេទ្យឡើយ។
ករណីនេះត្រូវបានគេរកឃើញ នៅក្នុងប្រទេសយ៉ាងហោចណាស់៧ ហើយអ្នកស្លាប់បានកើតឡើងក្នុងប្រទេសហ្គាំប៊ី ឥណ្ឌូនេស៊ី និងអ៊ូសបេគីស្ថាន។ ករណីភាគច្រើនជាកុមារតូចៗ ក្រោមអាយុ ៥ឆ្នាំ។
អង្គការសុខភាពពិភពលោក បានចេញការជូនដំណឹងអំពីផលិត ផលវេជ្ជសាស្ត្រជាសាកលចំនួន ៣ដងរួចមកហើយទាក់ទងនឹង ឧប្បត្តិហេតុទាំងនេះ ចាប់តាំងពីខែតុលាឆ្នាំមុន ហើយបានកំណត់ក្រុមហ៊ុនឱសថចំនួន៦ នៅក្នុងប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី ដែលផលិតស៊ីរ៉ូ។
WHO បានឲ្យដឹងទៀតថា “ទាំងនេះមិនមែនជា ឧប្បត្តិហេតុដាច់ដោយឡែកនោះទេ” ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធសំខាន់ៗ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់វេជ្ជសាស្ត្រ ចាត់វិធានការភ្លាមៗ និងសម្របសម្រួល។
WHO បានបន្ថែមថា ប្រទេសនានា គួរតែរកឃើញ និងលុបថ្នាំដែលមានមេរោគចេញពីចរាចរ ហើយបង្កើនការឃ្លាំមើល និងការឧស្សាហ៍ព្យាយាម នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់៕