បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិកលោក Donald Trump នឹងត្រូវបានគេអនុញ្ញាតិឲ្យ វិលត្រឡប់មកប្រើប្រាស់គណនេយ្យ Facebook និង Instagram របស់គាត់វិញហើយបន្ទាប់ពីក្រុមហ៊ុនមេគឺ Meta បានប្រកាសថា បញ្ចប់ទៅនៃបម្រាមឃាត់រយៈពេល ២ឆ្នាំ ចំពោះបុរសរូបនេះ។
តាមការបញ្ជាក់ដោយក្រុមហ៊ុនយក្សនេះ បានឲ្យដឹងដែរថា បម្រាមដែលមានរយៈពេលជាង ២ឆ្នាំកន្លងមកនេះ នឹងត្រូវបញ្ចប់ទៅក្នុងពេលវេលា ប្រមាណជា២ឬ៣សប្តាហ៍ទៀតប៉ុណ្ណោះ ហើយគ្រប់គ្នានឹងអាចបានលឺ និងមើលឃើញការវិលត្រឡប់ របស់អ្នកនយោបាយអាមេរិករូបនេះឡើងវិញ។

គួរឲ្យដឹងដែរថា អតីតប្រធានាធិបតីរូបនេះត្រូវបាន Meta ប្រកាសដកសិទ្ធក្នុងការប្រើប្រាស់ បណ្តាញសង្គមយក្សរបស់ខ្លួន កាលពីឆ្នាំ២០២១មកម្ល៉េះ ក្រោយព្រឹត្តិការណ៍វាយប្រហារ ដោយក្រុមបាតុករក្នុងវិមាន រដ្ឋាភិបាលឬហៅហថា Capitol Riot 2021 ដែលគ្រានោះមានទាំងមនុស្សស្លាប់ និងរបួសជាច្រើននាក់ហើយ ក្រុមហ៊ុនបណ្តាញសង្គមជាច្រើន បានចោទប្រកាន់ថាលោក Trump គឺជាអ្នកបញ្ចុះបញ្ចូល និងប្រើប្រាស់ប្រជាប្រិយភាពរបស់ខ្លួន ដើម្បីរៀបចំយុទ្ធនាការនេះ។
ទោះបីជា Twitter បានប្រកាសអនុញ្ញាតិឲ្យលោក Trump អាចត្រឡប់មកវិញ បានតាំងតែពីខែវិច្ឆិកាក្តី ប៉ុន្តែមកដល់ពេលនេះគេពុំទាន់ឃើញ មានវត្តមានរបស់លោកមកធ្វើការ ប្រើប្រាស់គណនេយ្យនេះវិញនៅឡើយទេ ៕
ប្រែសម្រួល៖ ស៊ុន លី
